មន្ត្រីអាកាសចរណ៍ Korean Air បាននិយាយថា យន្តហោះពីរដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Korean Air Lines និង Cathay Pacific Airways បានប៉ះគ្នានៅក្នុងអាកាសយានដ្ឋាន New Chitose នៃលើកោះ Hokkaido ភាគខាងជើងរបស់ប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ខណៈពេលដែលអាកាសធាតុនៅទីនោះកាន់តែត្រជាក់ នេះបើយោងតាមការចុះផ្សាយរបស់ koreantimes កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤។
ថ្វីត្បិតតែគ្រោះថ្នាក់លើកនេះមិនមាន ការស្លាប់និងរងរបួសក៏ពិតមែន តែឧប្បត្តិហេតុបែបនេះវាបានកើតឡើងជាលើកទីពីរហើយ បន្ទាប់ពី ការប៉ះទង្គិចគ្នាយ៉ាងរន្ធត់មួយនៅឯអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ កាលពី ពីរសប្តាហ៍មុន គឺរវាងក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និងយន្តហោះឆ្មាំឆ្នេរសមុទ្ររបស់ខ្លួននោះ។
គួរបញ្ជាក់ថា ជុំវិញការប៉ះទង្គិចគ្នារវាងយន្តទេសចរណ៍ទាំងពីរខាងលើនេះផងដែរ ខាងមន្ត្រីអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា ជើងហោះហើរ Korean Air គឺមានអ្នកដំណើរ 289 នាក់ បូករួមទាំងសមាជិកនាវិកនៅលើយន្តហោះ។ មន្ត្រីអាជ្ញាធររបស់ជប៉ុនបានឲ្យដឹងទៀតថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលមានរថយន្តសណ្តោងមួយ ដែលកំពុងតែព្យាយាមរុញយន្តហោះ Korean Air មុនពេលចេញដំណើរ តែវាបានរអិលដោយសារតែមានព្រិលធ្លាក់មកលើដីច្រើនពេក ដែលនាំឱ្យស្លាបខាងឆ្វេងរបស់យន្តហោះមួយនេះ ទៅខ្ទប់ស្លាបកន្ទុយខាងស្តាំរបស់យន្តហោះ Cathay Pacific ។
យ៉ាងណាមិញ បើយោងតាមការបកស្រាយរបស់ Cathay Pacific បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាសំណាងល្អហើយដែល”យន្តហោះរបស់យើង បានចតស្ងៀមហើយក៏មិនមានផ្ទុកអតិថិជន ឬនាវិកនៅលើយន្តហោះនោះដែរ ខណៈដែលវាក៏បានបុកដោយយន្តហោះ Korean Air A330 ដែលកំពុងតែសន្តោងឆ្លងកាត់ព្រិល” ។
យើងខ្ញុំសូមបញ្ជាក់ថា កោះហុកកៃដូ បានរងការវាយប្រហារដោយភាពត្រជាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយនឹងការព្រមានអំពីព្រិលធ្លាក់ខ្លាំងនៅក្នុងទីក្រុងមួយចំនួនថែមទៀតផង។ បើយោងតាមរបាយការណ៍របស់អាកាសយាន្តប្រទេសជប៉ុនបានឲ្យដឹងទៀតថា ជើងហោះហើរចំនួន 46 គឺត្រូវបានលុបចោលកាលពីថ្ងៃអង្គារ ដោយសារព្រិលធ្លាក់ខ្លាំងពេក។
ប៉ុន្តែបើទោះបីជារឿងនេះបានកើតឡើងដោយសារតែបញ្ហាអាកាសធាតុក៏ដោយ តែចំពោះរដ្ឋាភិបាលជប៉ុនបានប្រកាសកាលពីសប្តាហ៍មុនថាខ្លួនបានរឹតបន្តឹងពិធីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបន្ថែមទៀត ដើម្បីបញ្ជៀសការកើតឡើងបែបនេះបន្តទៀត។