រាល់ក្រសែភ្នែកទាំងអស់របស់ប្រជាជនថៃនៅពេលនេះ កំពុងតែរង់ចាំមើលថា តើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៅថ្ងៃពុធនេះលទ្ធផលទៅជាយ៉ាងណា? គឺជុំវិញសំណុំរឿងកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់អតីតមេដឹកនាំគណបក្សប្រឆាំងចលនាឆ្ពោះទៅមុខ(MFP) គឺលោក Pita Limjaroenrat នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤។
នៅពេលនេះរាល់អ្នកវិភាគនយោបាយទាំងអស់នៅក្នុងប្រទេសថៃ បានបញ្ចេញមតិដូចៗគ្នាថា ប្រសិនបើតុលាការរកឃើញថា លោក Pita មានចេតនាគេចវេសពីកាពិត ខណៈពេលដែលតុលាការបានដឹងថា គាត់ពិតជាបានកាន់កាប់ភាគហ៊ុននៅក្នុងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ iTV នោះលោកអាចនឹងបាត់បង់ឋានៈជាសមាជិកសភា។
ហើយប្រសិនបើ តុលាការបានរកឃើញថា លោក Pita មិនមានកំហុសណាមួយវិញ នោះលោក Pita នឹងត្រូវបានគេអនុញ្ញាតិឲ្យចូលជាសមាជិកសភាឡើងវិញ មិនត្រឹមតែប៉ុណ្ណោះលោកក៏អាចទទួលបានសិទ្ធិតែងតាំងជាថ្មីក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត។
គួរបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) កាលពីថ្ងៃអង្គារបានចេញផ្សាយឃ្លីបវីដេអូមួយដែលបញ្ជាក់ថា លោក Pita នាពេលឥឡូវនេះ គាត់គឺជាប្រធានទីប្រឹក្សារបស់គណបក្សចលនាឆ្ពោះទៅមុខ រួមជាមួយមេដឹកនាំគណបក្សមួយនេះនាពេលបច្ចុប្បន្ន បានបញ្ជាក់ប្រាប់មហាលជនទៀតថា លោក Pita មិនមានជាប់ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុននៃប្រព័ន្ធផ្សព្វផ្សាយនោះទេ។ ហេតុដូច្នេះហើយ លោក Pita នឹងរួចផុតពីករណីដែលតុលាកំពុងតែស៊ើបអង្កេត ម្យ៉ាងទៀតលោកនឹងចូលទៅបម្រើឆន្ទៈប្រជាជនក្នុងនាមជាសមាជិកសភាថែមទៀតផង។
យ៉ាងណាមិញនៅក្នុងឃ្លីបដែលជាវេទិកានៃការស្រាយចម្ងល់ ដែលមានលោក Pita និង ប្រធានគណបក្ស ចលនាឆ្ពោះទៅមុខជាវាលគ្មិននោះ បើយោងតាមអ្នកជំនាញបាននិយាយថា ចំនួននៃអ្នកដែលចូលទៅទស្សនាពីដើមដល់ចប់គឺមានចំនួនច្រើនជាងគណបក្សផ្សេងៗ។ ប្រសិនបើយើងនិយាយពីលទ្ធផលនៃការស្ទង់មតិវិញបាបង្ហាញថា លោក Pita និង MFP គឺនៅតែមានប្រជាប្រិយភាពខ្លាំងជាងគេ។ ជាពិសេសជាងនេះទៅទៀត ស្ទើរតែគ្រប់អ្នកវិភាគនយោបាយបានអះអាងទៀតថា ប្រសិនបើគ្មានផែនការណាមួយ ដែលត្រូវបានរារាំងដោយសភាជាន់ខ្ពស់ លោក Pita គឺនៅតែជាមនុស្សដែលទទួលបានការពេញចិត្តពីប្រជាជនថៃច្រើនជាងគេ។
បើទោះជាយ៉ាងណាក៏ដោយ លោក Pita Limjaroenrat បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា លោកគ្រាន់តែជាអ្នកប្រតិបត្តិលើចំណែកមរតករបស់គ្រួសារតែប៉ុណ្ណោះ។ លោក Pita បាននិយាយទៀតថាពាក្យបណ្តឹងនេះគឺគេមានបំណងរៀបចំឡើង ព្រោះវាជាហេតុផលនយោបាយ។