វីដេអូដ៏គួរឱ្យចាប់អារម្មណ៍មួយដែលបង្ហាញពីទេសភាពនៃការជិះស្គីព្រៃលើបឹងកកមួយនៃខេត្ត Alberta ប្រទេសកាណាដា វាត្រូវបានគេយកទៅចែករំលែកពាសពេញបណ្ដាញសង្គម Instagram ។
បឹង Abraham វាគឺជាកន្លែងទេសចរណ៍មួយដ៏ល្អបំផុត សម្រាប់អ្នកដែលចង់ទៅទស្សនាកន្លែងបែបធម្មជាតិដោយមិនមានការកែច្នៃ ប៉ុន្តែបែរជាមានទេសភាពស្រស់ស្អាត និងអស្ចារ្យ។ មួយនៅក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនកន្លែងរបស់ប្រទេសកាណាដា ក៏ដូចជានៅក្នុងពិភពលោក បើយោងតាមរយៈអត្ថបទរបស់ newsweek ដែលសរសររៀបរាប់ពីកន្លែងទេសចរណ៍នារដូវរងា ដែលកំពុងតែពេញនិយមជាងគេនៅក្នុងពិភពលោក ក្នុងនោះគឺបឹង Abraham។
នៅក្នុងអត្ថបទមួយដែលត្រូវបានគេសរសេររៀបរាប់ថា ការទៅទស្សនាបាតុភូតដ៏គួរឱ្យភ្ញាក់ផ្អើលនៅបឹង Abraham វាពិតជាកន្លែងដែលល្អបំផុតសម្រាប់មនុស្សដែលស្រលាញ់និងចូលចិត្តធម្មជាតិដែលមិនមានការកែច្នៃ។
ប្រសិនបើយើងនិយាអំពីចំណុចពិសេសនៃបឹង Abraham វិញ គឺនៅក្នុងបឹងនោះវាសម្បូរទៅឧស្ម័នមេតានម្យ៉ាងដែលមានសមត្ថភាពបង្ករបានជាពពុះទឹកកកដោយខ្លួនឯង។ ដោយដំបូងឡើយនៅក្នុងបឹង មានរុក្ខជាតិជាច្រើនដុះ ហើយក៏បានស្លាប់ទៅវិញ។ ការរលួយនៃរុក្ខជាតិនោះទៀតសោតវាក៏បង្កើតបានឧស្ម័នមេតាន ហើយបន្ទាប់មកវាក៏បង្កើតជាពពុះពាសពេញផ្ទៃបឹង ដែលជាធម្មតាទឹកបឹងមួយនេះនឹងចាប់ផ្តើមកករៀងរាល់រដូវរងា ដែលជាមូលហេតុធ្វើឲ្យពពុះដែលនៅបាតបឹងនោះបានចូលទៅលាយឡំជាមួយនឹងដំទឹកក ហេតុដូច្នេះហើយទើបមនុស្សជាច្រើនតែងហៅវាហា ពពុះទឹកកក។
យ៉ាងណាមិញភាពអស្ចារ្យនៃពពុះដែលជាប់នៅក្នុងដំទឹកកក វាក៏មានបូកបញ្ចូលជាមួយទឹកបឹងដែលធ្លាប់មានពណ៌ខៀវថ្លានោះមួយទៀតផងដែរ ទើបធ្វើឱ្យបឹង Abraham ប្រែក្លាយទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតសម្រាប់អ្នកដែលចូលចិត្តថតរូប និងអ្នកដែលស្រលាញ់នូវអ្វីដែលជាធម្មជាតិ។ ជាកំណត់សម្គាល់បឹង Abraham វាតែងតែកកនៅចុងខែធ្នូ ហើយចំពោះអ្នកដែលចង់ទៅទស្សនានៅពេលដែលវាកំពុងតែស្អាតបំផុតនោះ គឺចាប់ពីពាក់កណ្តាលខែមករារហូតដល់ពាក់កណ្តាលខែកុម្ភៈ។
យ៉ាងណាមិញបើយើងនិយាយអំពីខ្សែវីដេអូដែលបានបង្ហាញពីមនុស្សម្នាក់កំពុងជិះស្គីកាត់បឹងទឹកកក ខណៈដែលមានព្រិលធ្លាក់ពេញបឹងវិញនោះ។ ប្រសិនបើនារីម្នាក់នោះមិនបាននិយាយរៀបរាប់ពីទីតាំង ម្ល៉េះរាល់អ្នកដែលបានចូលទៅទស្សនាតាមរយៈវីដេអូប្រាកដជាយល់ថា នារីរូបនោះកំពុងតែជិះស្គីលើសមុទ្រទឹកកកជាមិនខាន ព្រោះថាទាំងល្បឿននៃការជិៈស្គី បូករួមទាំងព្រិលដែលបានធ្លាក់មកនោះវាប្រៀបបានដូចជាចលនានៃរលកទឹកសមុទ្រ។
បើយោងតាម hashtags ដែលត្រូវបានចែករំលែកជាមួយនឹងការបង្ហោះវីដេអូនៃការជិះស្គីរបស់នារីម្នាក់ ដែលត្រូវបានគេថតនៅតំបន់ឧទ្យានជើងភ្នំដ៏ធំមួយនៃ Canadian Rockies ដែលលាតសន្ធឹងលើផ្ទៃដី 1,544 ម៉ាយការ៉េ ហើយតំបន់នេះវាក៏ត្រូវបានគេហទំព័ររបស់ Tourism Canmore Kananaskis បានសរសេរថា វាគឺជាតំបន់ឧស្សាហកម្មទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេសកាណាដា។
នៅក្នុងគេហទំព័រដដែលខាងលើនេះបានសរសេរទៀតថា តំបន់មួយដែលនៅជាប់ព្រំប្រទល់ឧទ្យានជាតិ Banff និងទីក្រុង Canmore វាគឺជា “ឋានសួគ៌ធម្មដ៏ស្រស់ស្អាតបំផុត” ព្រោះទីនោះបានបង្ហាញឲ្យមនុស្សគ្រប់គ្នាស្គាល់ពីរសជាតិនៃការជិៈស្គីទឹកកកពីជើងភ្នំ បន្ទាប់មកក៏ឆ្លងកាត់ ព្រៃឈើ ដែលកំពុងតែរំព័ទ្ធទៅដោយព្រិល និងទឹកកកពិតៗ។
តែបើទោះជាយ៉ាងណា នៅក្នុងគេហទំព័រមួយនេះក៏មិនបានសរសេរលំអិតអំពីការព្រមានថា “សម្រាប់កន្លែងទេសចរណ៍បែបធម្មមួយនេះ គឺមិនមានការត្រួតពិនិត្យទៅលើផ្ទៃទឹកកកដើម្បីជាសុវត្ថិភាព ឬការដាក់ស្លាកសញ្ញាក្នុងការសម្គាល់គ្រោះថ្នាក់ណាមួយដែលអាចកើតមាននោះដែរ។
ហេតុដូច្នេះហើយ “ប្រសិនបើអ្នកជ្រើសរើសជិះស្គីលើទឹកកកធម្មជាតិ អ្នកត្រូវទទួលស្គាល់ថា វាគឺជារឿងហានិភ័យមួយសម្រាប់អ្នកដូចគ្នា” ។