តើអ្នកណាវ៉ាដាច់លោក Elon Musk គឺជានរណា?

លោក Bernard Arnault គឺជាពាណិជ្ជករជនជាតិបារាំងម្នាក់ ដែលមនុស្សភាគច្រើននៅក្នុងពិភពលោកតែងហៅលោក ថាប្រធាន LVMH​ ។ LVMH (Louis Vuitton Moët Hennessy) វាគឺជាអង្គភាពរបស់អឺរ៉ុបដំបូងគេដែលមានតម្លៃលើសពី ៥០០ ពាន់លានដុល្លាសហរដ្ឋអាមេរិកទៅទៀត។ LVMH គឺជាក្រុមហ៊ុនយក្សមួយដែលបានគ្រប់គ្រង ក្រុមហ៊ុនបុត្រសម្ព័ន្ធប្រហែល 60 ព្រមទាំងគ្រប់គ្រងលើម៉ាកយីហោល្បីៗនៅក្នុងពិភពលោកប្រមាណ 75 មុខ។ យ៉ាងណាមិញ ក្រៅពី Louis Vuitton និង Moët Hennessy ក្នុងនោះក៏មាន Christian Dior  Sephora និងCeline ជាដើម។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយរបស់ ទស្សនាវដ្តី Forbes នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងតារាងនៃមហាលសេដ្ឋីនៅក្នុងពិភពលោករបស់ខ្លួននាពេលនេះមិនមែនជាលោកElon Musk នោះទេ តែគឺអតីតអ្នកឈរលំដាប់ទី១ មុន ស្ថាបនិក Tesla នោះគឺជាលោក  Bernard Arnault ព្រោះពេលនេះលោកគឺជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធច្រើនជាង 207 ពាន់លានដុល្លារឯណោះ។ 

គួរបញ្ជាក់ថាដំណឹងមួយនេះផងដែរ វាបានកើតឡើងនៅពេលដែល Arnault បានតែងតាំងកូនប្រុសរបស់លោកចំនួន ពីរនាក់ឱ្យអង្គុយនៅក្នុងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជាមួយនឹងកូនពីរនាក់ផ្សេងទៀត គឺក្នុងគោលបំណងដើម្បីទទួលបាននូវការផ្លាស់ប្តូរគំនិត និងដើម្បីឲ្យមានការគ្រប់គ្រងជាក្រុមគ្រួសារក្នុងរយៈពេលវែង។

តាមពិតទៅ លោក Arnault និងគ្រួសាររបស់គាត់គឺមានទ្រព្យសម្បត្តិសរុបច្រើនជាង 240. ពាន់លានដុល្លារអាមេរិកទៅទៀត ប្រសិនបើយើងគិតត្រឹមចុងខែមេសា ឆ្នាំ 2023។ ប៉ុន្តែបន្ទាប់ពីខែមិថុនា ឆ្នាំដដែលនោះមក ទ្រព្យសម្បត្តិរបស់លោកបានថយចុះមកនៅត្រឹម ១៩០ ពាន់លានដុល្លា ទើបធ្វើឲ្យចំណាត់ថ្នាក់លេខមួយនៅក្នុងពិភពលោកក៏ធ្លាក់ទៅលើ លោក Elon Musk ។ 

យ៉ាងណាមិញបើយោងទៅតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ Forbes នៅថ្ងៃទី ២៩ ខែមករា បានឲ្យទៀតថា លោក Bernard Arnault បានដណ្តើមយកតំណែងលេខមួយមកវិញហើយ គឺជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រមាណ 207.6 ពាន់លានដុល្លារ ខណៈដែលលោក Elon Musk មានទ្រព្យសមប្បត្តិសុទ្ធត្រឹម 204.7 ពាន់លានដុល្លាសហរដ្ឋអាមេរិក។

បើយោងតាម កាសែតអឺរ៉ុបបានសរសេរថា ការវិលត្រលប់របស់លោក Bernard Arnault នាពេលនេះគឺវាបានគូសបញ្ជាក់ពីភាពខុសគ្នានៃចក្រភពអាជីវកម្មរបស់ពួកគេទាំងពីរ ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ពួកគេ។

Euronews បានបង្ហាញទៀតថា កាលពីចុងឆ្នាំ២០២៣ LVMH ដែលជាមហាអំណាចនៃអ្នកដែលលក់ទំនិញប្រណីតជាងគេបំផុតនៅក្នុងពិភពលោក បានបំបែកកំណត់ត្រានៃការលក់យ៉ាងច្រើនលើសលប់ ដែលធ្វើឲ្យ LVMH អាចបានទទួលនូវប្រាក់ចំណូលច្រើនជាង 86.2 ពាន់លានអឺរ៉ូទៅទៀត។ Euronews បានធ្វើរង្វាស់នៃការកើនឡើងរបស់ក្រុមហ៊ុនយក្សនេះទៀតថា ការលក់នៅក្នុងឆ្នាំ២០២៣ គឺបានកើនឡើងប្រមាណ១៣% បើយើងធៀបនិងឆ្នាំ២០២២។ ហើយចំពោះកំណើននៃប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងក្រុម LVMH គឺត្រូវបានគេសង្កេតឃើញថា ការរីកចម្រើននេះគឺកើតឡើងបន្ទាប់ពីស្ថាបនិករបស់ LVMH បានប្តូរចក្ខុវិស័យដោយផ្តោតទៅការលក់រាយដោយផ្ទាល់វិញម្តង ហើយលទ្ធផលវាពិតជាបានកើនឡើងគួរឱ្យកត់សម្គាល់។

លោក Bernard Arnault តែងតែរក្សានូវទស្សនវិស័យដែលប្រកបដោយសុទិដ្ឋិនិយម មានន័យថាលោកគឺជាជើងចាស់ម្នាក់ដែលមានការប្រុងប្រយ័ត្នខ្ពស់។​ ដោយក្នុងនោះខាងទស្សនាវដ្តីForbes បានដកស្រង់សម្តីរបស់លោកថា ” ទីផ្សានៅក្នុងឆ្នាំ២០២៤ យើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យកាន់តែខ្ពស់ជាងមុន ដោយលោក Bernard បានសង្កត់ធ្ងន់ថា ទំនុកចិត្ត និងការគាំទ្រទៅលើម៉ាកយីហោ វាគឺជាអ្វីដែលអ្នកលក់តែងតែចង់បានបំផុត”។ 

មហាសេដ្ឋីបារាំងរូបនេះក៏បានបង្ហាញពីការរំពឹងទុករបស់លោកសម្រាប់ឆ្នាំ 2024 ថា ឆ្នាំថ្មីវាគឺជាឆ្នាំដែលបានបំផុសគំនិតយ៉ាងពិសេសចំពោះលោក ព្រោះ LVMH និងរៀបចំនូវអ្វីដែលកាន់តែពិសេស និងអស្ចារ្យជាទីបំផុត សម្រាប់ការអបអរសាទរនៅក្នុងការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ខណៈដែលទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះ។

យ៉ាងណាមិញ ការគិតបែបវិជ្ជមានជុំវិញ LVMH វាបានឆ្លុះបញ្ចាំងឲ្យយើងដឹងថា វាគឺជាជ័យជំនះមួយដ៏ធំធេងរបស់លោក Bernard ហើយវាក៏ជាកកំលាំងចលករមួយដែលជំរុញឲ្យទីផ្សារភាគហ៊ុននៅក្នុងពិភពលោករបស់លោក បានកើនឡើងរហូត 12.81% ឬស្មើនឹង 773.10 អឺរ៉ូ គឺបន្ទាប់ពីការប្រកាសរបស់លោក។ ការកើនឡើងរបស់ LVMH នេះទៀតសោត វាក៏បានជំរុញឲ្យលោក Arnault ឈានដល់ចំណុចកំពូលនៃចំណាត់ថ្នាក់ទ្រព្យសម្បត្តិសកលផងដែរ។

តើមានមូលហេតុអ្វីខ្លះទើបធ្វើឲ្យលោក Elon Musk ធ្លាក់ចេញពីតារាងកំពូលទីមួយ? បើយោងតាមអ្នកជំនាញរបស់ Forbes បានបង្ហាញថា នៅផ្នែកម្ខាងនៃសមីការទ្រព្យសម្បត្តិរបស់លោក Elon Musk  វាគឺជា Tesla ។ ក្រុមហ៊ុនយក្សរថយន្តអគ្គិសនី Tesla បានរាយការណ៍ថា ថ្វីត្បិតតែការលក់វាមិនបានធ្លាក់ចុះក៏ពិតមែន តែវាមាការកើនឡើងតិចតួចបំផុតគឺប្រហែល 3.5% នៃប្រាក់ចំណូលត្រីមាសទី 4 ក្នុងឆ្នាំ 2023 ដែលមានតម្លៃជាសាច់ប្រាក់ប្រមាណ 25.2 ពាន់លានដុល្លារ ។

នៅក្នុងទស្សនៈវិស័យរបស់ ស្ថាបនិករបស់ក្រុមហ៊ុន Tesla បានសម្លឹងទៅមុខថា ឆ្នាំ 2024 គឺជាឆ្នាំដែលមាន “បញ្ហាប្រឈម” ជាច្រើសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនីសកល។ បើយោងតាមការព្យាករណ៍របស់ជំនាញរបស់ Wall Street វិញបានរំពឹងទុកថា ភាគហ៊ុនរបស់ Tesla និងមានការធ្លាក់ចុះ ខណៈដែលគូរប្រកួតប្រជែងគឺមានកាន់តែច្រើន។

ខាង Wall Street បានសរសេរទៀតថា បន្ទាប់ពីការចេញផ្សាយនូវប្រាក់ចំណូលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះប្រហែល 12% វាក៏បានរួមចំណែកដល់ទ្រព្យសម្បត្តិរបស់ Elon Musk ឲ្យធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទីពីរក្នុងចំណោមបុគ្គលដែលមានបំផុតរបស់ពិភពលោក។ ភាពផ្ទុយគ្នាស្រឡះនៅក្នុងទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់លោក Bernard Arnault និង លោក Elon Musk គឺបានបង្ហាញពីភាពប្រែប្រួលនៃទ្រព្យសម្បត្តិរបស់ពាណិជ្ជករទាំងពីរនេះ នៅក្រោមលក្ខខណ្ឌ និងទិដ្ឋភាពអាជីវកម្មផ្សេងគ្នា ប៉ុន្តែការប្រែប្រួលទាំងនោះវាក៏បានចូលទៅផ្លាស់ប្តូរចំណាត់ថ្នាក់របស់អ្នកទាំងពីរយ៉ាងឆាប់រហ័ស គឺតាមរយៈទ្រព្យសម្បត្តិសុទ្ធដែលបានអាចកើតឡើងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង។

Reporter:
scroll to top