វ៉ែនតា Apple Vision Pro ដែលជាផលិតផលថ្មីរបស់ Apple ប្រសិនបើយើងគិតត្រឹមរយៈពេលប្រាំពីរឆ្នាំចុងក្រោយ ហើយឥឡូវសារព័ត៌មានរបស់ CNN ចុះផ្សាយថា ក្រុមហ៊ុន Apple បានដាក់លក់ជាផ្លូវការសម្រាប់វ៉ែនតាបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន គឺនៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។
វ៉ែនតាដែលគេស្គាល់ថាជា Vision Pro គឺមានលក់នៅទូទាំងហាងរបស់ Apple Stores ទូទាំងប្រទេស ខណៈដែលអ្នកដើរទិញឥវ៉ាន់កំពុងតែអន្ទះសារនិងចង់សាកល្បងនៅផលិតផលថ្មីរបស់ Apple បន្ទាប់ពីស្ថាបនិករបស់ក្រុមហ៊ុនមួយនេះបានសន្យាថា ខ្លួននិងផ្តល់ជូនដល់អតិថិជននូវផលិតផលមួយដែលពោពេញទៅដោយបច្ចេកវិទ្យាច្នៃប្រឌិតចុងក្រោយគេបំផុតក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ Apple បានធ្វើការស្វាគមន៍ដល់អតិថិជនរបស់ខ្លួនដែលកំពុងរង់ចាំចូលហាង ដោយអមជាមួយនឹងការចាប់ដៃ ព្រមទាំងការថតរូប Selfie ជាដើម។ បើយោងតាមអ្នកសង្កេតការរបស់ CNN បានឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃសុក្រ គឺមានអតិថិជនប្រហែល ២០០នាក់បានតម្រុងជួរមុខហាង Flagship Store របស់ Apple មុនពេលហាងបើកដំណើរការថែមទៀតផង។
បើយោងទៅតាមការរៀបរាប់ពីនាយកប្រតិបត្តិ Tim Cook បាននិយាយជាយូរមកហើយអំពីសក្តានុពលសម្រាប់ការពិតបន្ថែម ដែលជាគោលបំណងនៃការបង្កើត Vision Pro គឺដើម្បីជួយដល់មនុស្សក្នុងការប្រាស្រ័យទាក់ទងគ្នាឲ្យកាន់តែងាយស្រួលជាងមុន។ ប៉ុន្តែឥឡូវនេះ គាត់ក៏បានបញ្ជាក់ទៀតថា Vision Pro វាគឺជាឧបករណ៍ដែលលាយបញ្ចូលទាំងការពិតបែបនិម្មិត និងការពិតបន្ថែមជាច្រើនទៀត ដែលជារឿងពិតនៃអនាគតរបស់កំព្យូទ័រ។
ការចេញលក់នូវផលិតផលថ្មីមួយនេះផងដែរ លោក Tim Cook បានហៅឧបករណ៍នេះថាជា “ឧបករណ៍អេឡិចត្រូនិកដែលទំនើបបំផុត និងមិនធ្លាប់មានពីមុនមក” ។
ទន្ទឹមនឹងមនុស្សជាច្រើននៅក្នុងពិភពលោកបានចាប់អារម្មណ៍មកលើផលិតផលថ្មីមួយនេះច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែក្នុងនោះក្រុមអ្នកជំនាញផ្នែកទីផ្សានៅក្នុងពិភពលោកជាច្រើនបានលើកឡើងថា វាមិនមែនផលិតផលដែលងាយស្រួលក្នុងការលក់នោះទេ។
យ៉ាងណាមិញសម្រាប់តែវ៉ែនតាមួយគ្រឿង ដែលពាក់បានសម្រាប់តែមនុស្សម្នាក់ វាបែរជាមានតម្លៃរហូតដល់ទៅ $3,499 ខណៈដែលវ៉ែនតាមួយគ្រឿងវាមានសមត្ថភាពផ្ទុកទិន្នន័យត្រឹមតែ 256 GBតែប៉ុណ្ណោះ។
បើយោងទៅតាមកាសែត The New York Times បានរាយការណ៍ថា ដើម្បីទទួលបានការចាប់អារម្មណ៍ពីអតិថិជនទៅលើការបញ្ជាទិញនូវផលិតថ្មីរបស់ខ្លួនឲ្យកាន់តែច្រើន នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយនេះបានប្រកាសពីអត្ថប្រយោជន៍ជាច្រើនដែលខ្លួនបានផ្តល់ជូនដល់អ្នកទិញដូចជា ការបញ្ចូលនូវគ្រឿងបន្លាស់បន្ថែមពីលើផលិតផល ការផ្តល់ជូនកាបូបធ្វើដំណើរដែលមានតម្លៃជាទឹកប្រាក់ 200 ដុល្លារ និងប្រអប់ដាក់ថ្មដែលមានតម្លៃស្មើនឹង 50 ដុល្លារ ព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀត ដែលបូកបញ្ចូលទាំងផលិតផលគោលនិងអាចឈានដល់តម្លៃ 4,600 ដុល្លារ ។
បើយោងទៅតាមក្រុមការងាររបស់ CNN ដែលបានទៅសាកល្បងផលិតផលមួយនេះដោយផ្ទាល់បានឲ្យដឹងថា Vision Pro វាប្រៀបបានដូចជាវ៉ែនតាវេទមន្តមួយ ដែលផ្តល់ឲ្យយើងនូវវីដេអូដែលពោរពេញដោយភាពទាក់ទាញនិងរំភើបជាមួយនិងអ្វីដែលយើងកំពុងតែទស្សនា។
ការទទួលបាននូវបទពិសោធន៍ថ្មីជាលក្ខណៈ 3D វាពិតជាបានធ្វើឲ្យយើងទទួលបានអារម្មណ៍ថា យើងដូចជាស្ថិតក្នុងយានជំនិៈដែលតួរអង្គកំពុងតែជិៈ ហើយអ្វីដែលកាន់តែអស្ចារ្យអ្វីគ្រប់យ៉ាងដែលនៅក្នុងនោះ តួរអង្គដែលនៅក្នុងនោះវាហាក់ដូចជារូបយើងផ្ទាល់តែម្តង។