នាយករដ្ឋមន្ត្រីថៃ៖ ឥឡូវនេះលោកបាន​ដឹងច្បាស់​ហើយ​ថា ​ហេតុ​អ្វី​ បានជាTaylor Swift មើលរំលង​ថៃ?

នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានសន្យាថា លោកនឹងនាំយកការប្រគុំតន្ត្រីកំពូលរបស់តារាចម្រៀងលំដាក់ថ្នាក់ពិភពលោក Taylor Swift យកមកកាន់ប្រទេសថៃនៅថ្ងៃណាមួយជាមិនខាន។ ការលើកឡើងនេះគឺបានកើតឡើង បន្ទាប់ពីលោក ស្រេតថា បានដឹងពីមូលហេតុយ៉ាងច្បាស់ថា ហេតុអ្វីបានជាតារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ មិនបានដាក់ប្រទេសថៃក្នុងដំណើរទេសចរណ៍ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ កាសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

នាយករដ្ឋមន្ត្រីថៃ ព្រមទាំងរដ្ឋមន្ត្រីជាន់ខ្ពស់ទាំងអស់ បានប្រើប្រាស់វេទិកា iBusiness 2004 កាលពីថ្ងៃសុក្រ ដើម្បីចែករំលែកការយល់ដឹងអំពីការសន្ទនាជាមួយអ្នកផ្សព្វផ្សាយការប្រគុំតន្ត្រីសកលលោក Anschutz Entertainment Group (AEG) ហើយវាក៏ជាការចាប់ផ្តើមមួយ ដើម្បីបញ្ជាក់ថា លោក​ ស្រេតថា ពិតជាមានការប្តេជ្ញាចិត្តក្នុងការប្រែក្លាយប្រទេសថៃឲ្យក្លាយទៅជាមជ្ឈមណ្ឌលពិព័រណ៍ដ៏ពេញនិយមមួយនៅក្នុងអាស៊ីអាគ្នេយ៍។

បើយោងតាមការស្រង់សម្តី ពីលោក Srettha ដោយផ្ទាល់បានឲ្យដឹងថា ការខកខានក្នុងការប្រគំតន្រ្តីនៅក្នុងប្រទេសថៃ គឺបណ្តាលមកពីរដ្ឋាភិបាលរបស់ប្រទេសសិង្ហបុរីបានផ្តល់ហិរញ្ញប្បទានដល់ការប្រគុំតន្ត្រីរបស់ Taylor Swift ដោយផ្ទាល់ រហូតដល់ទៅ 2 លានទៅ 3 លានដុល្លារឯណោះក្នុងមួយកម្មវិធី ហើយវាក៏ជាថ្នូរនឹងការប្រគុំតន្ត្រីផ្តាច់មុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថែមទៀតផង។

នាយករដ្ឋមន្ត្រីថៃបាននិយាយថា ការគាំទ្រផ្នែកហិរញ្ញវត្ថុបែបនេះ វាអាចបង្ហាញថា ការចំណាយលើការប្រគុំតន្ត្រីរបស់តារាល្បីៗលំដាប់ពិភពលោកគឺពិតជាមានតម្លៃខ្ពស់ ខណៈដែលប្រទេសរបស់យើងកំពុងតែត្រូវការភ្ញៀវទេសចរណ៍ឲ្យមកទស្សនាប្រទេសរបស់យើង។ ប្រសិនបើមានការប្រគុំតន្រ្តីមួយនេះ ពេលនោះទាំង”សណ្ឋាគារ អ្នកលក់រាយតាមដងផ្លូវ និងអ្នកផ្តល់សេវាកម្មដល់ភ្ញៀវជាដើមនោះ ប្រាកដជាទទួលបានប្រាក់ចំណូលខ្ពស់ក្នុងកំឡុងពេលមានតន្ត្រីទេសចរណ៍របស់ Taylor Swift ជាមិនខាន”។

លោកស្រេតថា បាននិយាយបន្តថា លោកបានអញ្ជើញនាយកប្រតិបត្តិ AEG សម្រាប់កិច្ចពិភាក្សានៅឯវិមានរដ្ឋាភិបាលកាលពីចន្ទ ទី ១២ ខែកុម្ភៈ គឺធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញការប្រគុំតន្ត្រីខ្នាតធំ និងពិធីបុណ្យលំដាប់ពិភពលោកទៅកាន់ប្រទេសថៃជាពិសេសតែម្តង។

ប៉ុន្តែអ្វីដែលជាការសោកស្តាយនាពេលនេះ គឺ Taylor Swift នឹងសម្តែងចំនួនប្រាំមួយកម្មវិធីនៃ Eras Tour នៅពហុកីឡដ្ឋានជាតិដែលមានកៅអីចំនួន 55,000 ក្នុងប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី 2-9 ខែមីនាជាមួយនឹងការសម្រាកពីរថ្ងៃនៅចន្លោះថ្ងៃទី 5-6 ខែមីនា។ ហេតុដូច្នេះហើយទើបប្រទេសសិង្ហបុរីបានក្លាយទៅជាកន្លែងឈប់តែមួយគត់នៅអាស៊ីអាគ្នេយ៍សម្រាប់តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងដ៏ពេញនិយមបំផុតរបស់ពិភពលោក ដោយក្នុងនោះជនជាតិថៃជាច្រើនក៏នឹងហោះហើរទៅកាន់ប្រទេសសិង្ហបុរីសម្រាប់ការប្រគុំតន្ត្រីជាមិនខាន។

គួររំលឹកថា ចំពោះការប្រគុំតន្ត្រីរបស់ Taylor Swift នៅប្រទេសសឹង្ហបុរី វាមិនមែនជាការគិតគូររបស់នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្នតែម្នាក់នោះទេ។ ព្រោះកាលពីខែកក្កដាឆ្នាំមុន លោក Pita Limjaroenrat ដែលជាអ្នកទទួលបាននូវការគាំទ្រនាំមុខគេនៅក្នុងការបោះឆ្នោតជាសាកល លោកធ្លាប់ បានអញ្ជើញ Taylor Swift ដែលជា  បុគ្គលប្រចាំឆ្នាំរបស់ទស្សនារវដ្តី Time  ឲ្យមកប្រគុំតន្ត្រីនៅក្នុងប្រទេសថៃជាមួយនឹងដំណើរកម្សាន្ត Eras Tour របស់នាងផងដែរ។ ដោយកាលនោះលោកបានអះអាងថា ប្រទេសថៃឥឡូវនេះគឺជាប្រទេសប្រជាធិបតេយ្យមួយដ៏ពេញលេញវិញហើយ គឺបន្ទាប់ពី Taylor Swift បានលុបចោលការសម្តែងដែលបានគ្រោងទុកក្នុងឆ្នាំ 2014 ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារយោធាដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ។

scroll to top