រថភ្លើងល្បឿនលឿន Jakarta-Bandung (HSR) ដែលជាប្រភេទផ្លូវដែកដំបូងគេ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងនៅក្នុងអាស៊ីអាគ្នេយ៍ បានដឹកជញ្ជូនអ្នកដំណើរសរុបច្រើនជាង ២លាននាក់ទៅទៀត នេះបើយោងតាមសារព័ត៌មាន China Railway International Limited កាលពីថ្ងៃអាទិត្យ។
បើយោងតាមក្រុមហ៊ុន HSR បាននិយាយប្រាប់កាសែតស៊ិនហួរថា ការធ្វើដំណើររបស់ពួកយើងក្នុងរយៈពេល 139 ថ្ងៃកន្លងមកនេះ យើងអាចនិយាយបានថា វាគឺជាដំណើរការមួយដែលរលូន និងមានសុវត្តិភាពបំផុត ហើយក្រុមហ៊ុនរបស់យើងក៏បានដឹកអ្នកដំណើរជាសរុបរហូតដល់ 2,008,387 នាក់ឯណោះ ដោយយើងគិតចាប់តាំងពីប្រតិបត្តិការជាផ្លូវការដំបូងកាលពីថ្ងៃទី 17 ខែតុលា ឆ្នាំ 2023។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ការធ្វើដំណើរតាមរថភ្លើងប្រចាំថ្ងៃរបស់ HSR ត្រូវបានកើនឡើងចន្លោះពី 14 ទៅ 40 កៅអី ហើយប្រសិនបើយើងគិតពីចំនួននៃអ្នកដំណើរដែលបានកើនឡើងវិញ គឺប្រហែលជាបីដង គឺក្នុងចន្លោះពី 8,400 រហូតទៅដល់ជាង 24,000នាក់។ ក្នុងនោះផងដែរ ប្រសិនបើយើងគិតលើចំនួនអ្នកដំណើរដែលបានកើនឡើងខ្ពស់បំផុតក្នុងមួយថ្ងៃ គឺអាចមានចាប់ពី 21,537 ខណៈអត្រាកាន់កាប់កៅអីប្រចាំថ្ងៃខ្ពស់បំផុតដែលត្រូវបានកត់ត្រាគឺស្មើនឹង 99.6 ភាគរយ។
ក្រុមហ៊ុនបាននិយាយទៀតថា ដើម្បីបំពេញតម្រូវការរបស់អ្នកដំណើរដែលចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវឲ្យកាន់តែមានភាពល្អប្រសើរឡើង ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរខាងលើនេះ បានរៀបចំនូវវិភាគប្រតិបត្តិការរបស់ខ្លួនឲ្យកាន់តែទូលំទូលាយជាងមុន ហើយក្រុមហ៊ុននិងបន្ថែមការធ្វើដំណើរតាមរថភ្លើងឲ្យកាន់តែច្រើនជាងមុនទៀតគឺនៅថ្ងៃបុណ្យសាធារណៈ។
ការធ្វើដំណើរជាមួយនឹងរថភ្លើងល្បឿនលឿនដែលត្រូវបានគេរចនាឡើងក្នុងល្បឿន 350 គីឡូម៉ែត្រក្នុងមួយម៉ោង HSRបានជួយកាត់បន្ថយការធ្វើដំណើររវាងរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ីទៅកាន់ Bandung ក្នុងខេត្ត West Java រហូតជិត៤ ម៉ោង ដែលជាការធ្វើដំណើរមួយដែលមានភាពងាយស្រួលនិងឆាប់រហ័ស ទាំងសុវត្ថិភាពនិងសន្សំសំចៃបានច្រើនជាងមុន។