នៅទីបំផុត លោក Jeff Bezos នៅតែអាចដណ្តើមយកនូវតំណែងជាអ្នកមានបំផុតនៅក្នុងពិភពលោកត្រឡប់មកវិញម្តងទៀតហើយ នេះបើយោងតាម Bloomberg Billionaires Index កាលពីថ្ងៃចន្ទទី ០៤ ខែមីនា ឆ្នាំ ២០២៤។
គួរបញ្ជាក់ថា បច្ចុប្បន្នទ្រព្យសម្បត្តិសុទ្ធរបស់ស្ថាបនិក Amazon គឺបានកើនឡើងរហូតដល់ទៅ 200 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ ខណៈដែល លោក Elon Musk មានត្រឹមតែចំនួន 198 ពាន់លានដុល្លារ។ ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីពេលថ្មីៗនេះលោក Elon Musk បានថយចុះនូវទ្រព្យជាបន្តបន្ទាប់ ហើយប្រសិនបើយើងគិតជាចំនួនទឹកប្រាក់វិញគឺប្រហែលជា 31 ពាន់លានដុល្លារសហរដ្ឋអាមេរិក តែទន្ទឹមនឹងនោះ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Jeff Bezos បែរជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្រុមការងាររបស់ Bloomberg បានរាយការថា ប្រាក់ចំនេញដែលលោក Jeff Bezos ទើបតែទទួលបានគឺមានចំនួនប្រមាណ 23 ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ទីភ្នាក់ងាររបស់ Bloomberg បានរាយការណ៍បន្តទៀតថា ចាប់ពីចុងឆ្នាំ ២០២៣ រហូតមកទល់នឹងពេលនេះវិញ ពួកគេបានសង្កេតឃើញថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla គឺបានធ្លាក់ចុះច្រើនជាង 7% ទៅទៀតកាលពីថ្ងៃចន្ទ ហើយវាក៏ជាមូលហេតុដែលបណ្តាលឲ្យលោក Elon Musk បានរំកិលចេញពីចំណាត់ថ្នាក់កំពូលមួយនេះផងដែរ។
តាមពិតទៅ ចំពោះចំណងជើងនៃអ្នកមានបំផុតនៅក្នុងតារាងកំពូលរបស់ Bloomberg គឺសុទ្ធសឹងតែអាចផ្លាស់ប្តូររៀងរាល់ពីរទៅបីខែម្តង ដោយអាស្រ័យទៅលើដំណើរការទីផ្សាររបស់ក្រុមមហាលសេដ្ឋីទាំងនោះ។
ជាកំណត់សម្គាល់ សម្រាប់ចំណាត់ថ្នាក់លេខ១ គឺត្រូវបានក្រុមអ្នកជំនាញតែងតែសង្កេតឃើញ ភាគច្រើនគឺធ្លាក់ទៅលើលោក Elon Musk និង Bernard Arnault ច្រើនជាងគេ ។
តែបើទោះជាយ៉ាងណាក៏ដោយ ចំពោះលទ្ធផលជាសរុប ដែលក្រុមអ្នកជំនាញបានធ្វើការវាស់វែងទៅទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីកំពូលទាំងប្រាំនៅលើផែនដីវិញនោះ បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ពួកគេគឺសុទ្ធតែមានការកើនឡើង គឺហែលជា 114% ឬ ស្មើរនឹង 869 ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើយោងតាម របាយការណ៍វិសមភាពប្រចាំឆ្នាំរបស់ Oxfam ។