រដ្ឋបាលរបស់លោក Biden បានប្រកាសកញ្ចប់ ជំនួយយោធាមួយផ្សេងទៀតដល់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ 300 លានដុល្លារសហរដ្ឋអាមេរិក។ អស់រយៈពេលជាច្រើនខែកន្លងមកនេះ ខាងមន្ទីបញ្ចកោណមិនមានប្រាក់នៅសល់ដើម្បីផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែកាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺមានក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិកបាននិយាយថា មូលនិធិថ្មីដែលបានមកពីការសន្សំ យើងនឹងធ្វើឡើងដើម្បីបំពេញនូវកិច្ចសន្យាសព្វវុធ នេះបើយោងតាមការចុះផ្សាយពីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤។
បើយោងតាមរយៈទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រកាសអំពីកញ្ចប់ថវិកាខាងលើនេះនៅក្នុងសន្និសីទមួយដែលធ្វើឡើងនៅឯសេតវិមានកាលពីរសៀលថ្ងៃអង្គារ។ ដោយក្នុងនោះលោកបានលើកឡើងថា “នៅពេលដែលកងទ័ពរុស្ស៊ីកំពុងតែរុលទៅមុខ ដោយប្រើកាំភ្លើងនោះ តែអ៊ុយក្រែនគឺមិនមានលទ្ធភាពគ្រាប់គ្រាន់ក្នុងការបាញ់តបតវិញឡើយ។
ការបាត់បង់ទឹកដី និងអាយុជីវិតរបស់ប្រជាជនអ៊ុយក្រែន វាក៏បានធ្វើឱ្យអាមេរិក និងសម្ព័ន្ធមិត្តណាតូ បានខាតបង់ដូចគ្នាដែរ។
គួរបញ្ជាក់ថា ក្រោយពីប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញថា កញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនគឺ “មិនគ្រប់គ្រាន់នោះទេ” លោកក៏បានស្នើរឲ្យសភាគួរតែអនុម័តថវិកាបន្ថែមទៀតផងដែរ។
លោក Biden បាននិយាយថា យើងត្រូវធ្វើសកម្មភាពឲ្យបានមុនពេលវាមិនទាន់យឺតពេល ព្រោះថារុស្ស៊ីមិនអាចបញ្ឈប់មហិចតារបស់ខ្លួនត្រឹមតែប្រទេសអ៊ុយក្រែននោះទេ។ លោកបានមានប្រសាសន៍បន្តទៀតថា មេដឹកនាំវិមានក្រឹមឡាំង លោកពូទីននឹងបន្តទៅមុខមិនចេះចប់ ដោយជាការដាក់អឺរ៉ុប សហរដ្ឋអាមេរិក និងពិភពលោកសេរីទាំងមូលឲ្យប្រឈមនឹងហានិភ័យ តាមរយៈរបបផ្តាច់ការដ៏ឃោឃៅមួយនេះជាមិនខាន។
បើយោងតាមរយៈអ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយកាលពីថ្ងៃអង្គារថា កញ្ចប់ជំនួយខាងលើនេះគឺមានរួមបញ្ចូល “កាំជ្រួចប្រឆាំងយន្តហោះ Stinger គ្រាប់រំសេវសម្រាប់ប្រើជាមួយ HIMARS កាំភ្លើងធំ រួមទាំងគ្រាប់រំសេវបំផ្ទុះរយៈកំពស់ខ្ពស់ និងកាំភ្លើងប្រឆាំង AT4 ផងដែរ ។ ម្យ៉ាងទៀតក្នុងកញ្ចប់ជំនួយនោះគឺមានរថពាសដែក គ្រាប់រំសេវអាវុធធុនតូច គ្រាប់រំសេវសម្រាប់បោសសម្អាតឧបសគ្គ ក៏ដូចជាគ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗជាច្រើនទៀត”។
លោកបាននិយាយទៀតថា បច្ចុប្បន្នខាងមន្ទីរបញ្ចកោណមាន សិទ្ធិដកប្រាក់ប្រមាណ ៤ពាន់លានដុល្លារ ដែលចំនួននៅសេសសល់គឺដើម្បីបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែទន្ទឹមនឹងនោះមន្ទីរបញ្ចកោណក៏មានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់មូលនិធិរបស់ខ្លួនផងដែរ ពីព្រោះនៅពេលនេះខ្លួនមិនមានលទ្ធភាពបំពេញចន្លោះដែលខ្វះខាតខាងសារពើភ័ណ្ឌរបស់សហរដ្ឋអាមេរិកនៅឡើយ។
គួរបញ្ជាក់ថា “ការបន្ថែមលើកនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការត្រៀមខ្លួនរបស់អ៊ុយក្រែន ថ្វីត្បិតតែកញ្ចប់ជំនួយលើកនេះគឺមានទំហំតូចក៏ពិតមែន តែវាក៏អាចជួយឲ្យអ៊ុយក្រែនបន្តដំណើរទៅមុខបើទោះជាក្នុងរយៈពេលខ្លីក៏ដោយ។ ជាការពិតណាស់ចំពោះសង្គ្រាមកូនកាត់ដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអ៊ុយ ប្រសិនបើវាគ្មានការគាំទ្រ និងការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាមេរិកវិញនោះ ម្ល៉េះអ៊ុយក្រែនបានបាត់បង់ទឹកដីដោយសារតែរុស្ស៊ីតាំងពីដំបូងមកម្ល៉េះ។ បើយើងរំលឹកពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅអ៊ុយកាលពីខែមុនវិញ គឺកងកម្លាំងរុស្ស៊ីបានលើកទង់ជាតិរបស់ខ្លួននៅក្រុង Avdiivka ភាគខាងកើតអ៊ុយក្រែនរួចទៅហើយ បន្ទាប់ពីការវាយប្រហារអស់រយៈពេលជាច្រើនខែកន្លងមក។