អត្រាប្តូរប្រាក់នៃរូបិយប័ណ្ណរបស់ប្រទេសជប៉ុនបានបន្តធ្លាក់ចុះ ពោលគឺវាកំពុងតែជិតឈានទៅដល់កម្រិតមួយដែលទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រ ប្រសិនបើយើងធៀបទៅនឹងប្រាក់គោលដុល្លារ។
បើយោងទៅតាមការចុះផ្សាយរបស់ Bloomberg បានសរសេរថា អត្រាប្តូរប្រាក់យ៉េន កាលពីថ្ងៃទី 19 ខែមីនា ឆ្នាំ២០២៤ វាគឺជាអត្រាមួយដែលទាបបំផុតចំពោះប្រទេសជប៉ុនក្នុងរយៈពេល 17 ឆ្នាំចុងក្រោយ។
ការធ្លាក់ចុះប្រាក់យ៉េនវាបានបង្កឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសមួយនេះយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺខាង អាជីវកម្ម និងអ្នកប្រើប្រាស់។ ការបង្កើតគោលនយោបាយរបស់មេដឹកនាំនៃប្រទេសជប៉ុនគឺបានគិតគូយ៉ាងហ្មត់ចត់ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការនចាត់វិធានការគ្រប់វិធីសាស្ត្រដើម្បីគាំទ្ររូបិយប័ណ្ណជាតិកាលពីក្នុងឆ្នាំ 2022 ប៉ុន្តែទីបំផុតខ្លួនក៏នៅតែមិនអាចរក្សាបាននៅចំណាត់ថ្នាក់ទី ៣ របស់ខ្លួនដដែល គឺបន្ទាប់ពីចិនបានដណ្តើមយកនូវចំណាត់ថ្នាក់លេខ២រួចមកហើយនោះ។
អ្នកជំនាញរបស់ Bloomberg បានសរសេរទៀតថា ប្រាក់យ៉េនវាគឺជា រូបិយប័ណ្ណមួយប្រភេទដែលអាក្រក់បំផុតនៅឆ្នាំនេះ ដោយវាបានធ្លាក់ចុះច្រើនជាង 6%ទៅទៀត ។
ចំពោះកក្តាចម្បងនៃការធ្លាក់ចុះវាត្រូវបានក្រុមអ្នកជំនាញជាច្រើនបានលើកឡើងថា វាដោយសារតែគម្លាតដ៏ធំទូលាយនៃអត្រាការប្រាក់រវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកវាបានកើនឡើងរួចទៅហើយ។ យ៉ាងណាមិញប្រសិនបើយើងលើកឡើងពីគោលនយោបាយនៃការដំឡើងអត្រាការប្រាក់ជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះនៅក្នុងប្រទេសជប៉ុនវិញនោះ គឺពួកគេបានសង្កេតឃើញថាគោលនយោបាយរូបបិយវត្ថុថ្មីរបស់ប្រទេសជប៉ុន នៅដើមឆ្នាំ២០២៤នេះ គឺវាមានការរីកចម្រើនទាបបំផុតប្រសិនបើយើងធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ដូចគ្នានោះ គឺនៅចន្លោះពី 0% ទៅ 0.1% តែប៉ុណ្ណោះ។
ការថ្លឹងថ្លែងទៅលើឱនភាពសារពើពន្ធចម្បងនៅក្នុងប្រទេសជប៉ុនគឺត្រូវបានក្រុមអ្នកជំនាញបាននិយាយទៀតថា វាគឺនៅតែមានទំហំធំដដែលជាពិសេសនៅក្នុងឆ្នាំ 2024។ ហើយចំពោះការឆ្លុះបញ្ចាំងពីអតិរេកគណនីចរន្តវិញ គឺត្រូវបានគេរំពឹងទុកថានឹងកើនឡើងនៅឆ្នាំនេះ គឺត្រូវតែធ្វើឲ្យការនាំចេញខ្ពស់ និងការនាំចូលទាប បើមិនដូច្នេះទេ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងកាន់មានភាពលំបាក។