ទឹកធ្លាក់ Horizontal វាត្រូវបានមនុស្សជាច្រើនបានចាត់ថាវាគឺជារមណីយដ្ឋានធម្មជាតិដ៏ចម្លែកមួយដែលមានភាពទាក់ទាញជាងគេបំផុតនៅក្នុងប្រទេសអូស្ត្រាលី។ ភាពអស្ចារ្យដែលបានកើតឡើងនៅក្នុងភូមិសាស្ត្ររបស់ប្រទេសមួយនេះ វាក៏បានធ្វើឲ្យភ្ញៀវទេសចរណ៍ជាច្រើននៅក្នុងពិភពលោកបានចំណាយប្រាក់យ៉ាងច្រើនដើម្បីទៅទស្សនា។
Horizontal Falls ឬ Horizontal Waterfalls វាត្រូវបានមនុស្សជាច្រើនតែងតែហៅវា ” Horries ” គឺពួកគេហៅតាមជនជាតិដើមភាគតិចក្នុងតំបន់មួយនេះ គឺវាមានន័យថា បាតុភូតធម្មជាតិ មិនធម្មតាមួយ ដែលបានកើតឡើងនៅលើឆ្នេរនៃ តំបន់ Kimberley ។
ទឹកធ្លាក់ Horries គឺមានទីតាំងស្ថិតនៅឈូងសមុទ្រ Talbot ដែលជាកន្លែងដាច់ស្រយាលមួយ គឺនៅលើឆ្នេរសមុទ្រនៃភាគពាយ័ព្យរបស់ប្រទេស។ តាមពិតទៅពាក្យថាដាច់ស្រយ៉ាលវាមិនមែនជារឿងដែលគួរឲ្យចំឡែកនោះទេសម្រាប់ប្រទេសអូស្ត្រាលីនោះទ ប្រសិនបើយើងបានយល់ច្បាស់ពីទីតាំងនិងភូមិសាស្ត្ររបស់ប្រទេសអូស្ត្រាលីជាមុននោះ។ ប្រទេសអូស្ត្រាលីវាត្រូវបានគេឲ្យនិយមន័យថា វាគឺជាកោះដ៏ធំមួយ ដែលស្ថិតនៅអឌ្ឍគោល ខាងត្បូង រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយប្រសិនបើយើងក្រឡេកទៅមើលផែនទីពិភពលោកវិញនោះអ្នកនឹងដឹងថា អូស្ត្រាលីវាគឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅឆ្ងាយពីប្រទេសដ៏ទៀតនៅក្នុងពិភពលោកមិនចាញ់ New Zealand នោះទេ។
យ៉ាងណាមិញចំពោះទឹកធ្លាក់ Horries វាត្រូវបានគេឲ្យនិយមន័យទៀតថាវាគឺជាទឹកធ្លាក់មួយដែលអច្ឆរិយៈនិងអស្ចារ្យបំផុត ព្រោះថាបាតុភូតធម្មជាតិនេះគឺកើតឡើង ដោយសារតែការផ្លាស់ប្តូរនៃកម្រិតទឹកសមុទ្រក្នុងតំបន់ ហេតុដូច្នេះហើយទើបធ្វើឲ្យ Horries មានទឹកធ្លាក់បញ្ច្រាស់គ្នាទៅវិញទៅមក គឺម្តងហូរចេញ ហើយក៏ហូរត្រលប់មកវិញម្តងទៀត ហើយចំពោះកម្រឹតទឹកដែលបង្កើតឡើងនៅផ្នែកម្ខាង ឬម្ខាងទៀតនៃចន្លោះវានោះគឺមានកំពស់រហូតដល់ទៅ ៤ ម៉ែត្រ (១៣ ហ្វីត)ឯណោះ អញ្ចឹងហើយទើបធ្វើឲ្យយើងមើលឃើញថាវាពិតជាស្រដៀងទៅនឹងទឹកជ្រោះ។
អស់ជាច្រើនទស្សវត្សមកហើយ មានភ្ញៀវទេសចរណ៍ជាច្រើនពិតជាចង់ទៅស្គាល់និងចង់ទម្លុះចន្លោះនោះខ្លាំងណាស់ តើទីនោះវាមានទេសភាពយ៉ាងណាខ្លះ?
អ្នកនិពន្ធអត្ថបទរបស់CNN បានសរសេររៀបរាប់ថា ការពិតចំពោះមូលហេតុចម្បងរបស់ភ្ញៀវទេសចរណ៍ដែលបានទៅទស្សនានៅទីនោះវិញ គឺពួកគេបាននិយាយថា វាមិនមែនតែជាដំណើរកំសាន្តសម្រាប់គាត់តែមួយមុខនោះទេ។
អ្នកនិពន្ធបាននិយាយរៀបរាប់ថា ការធ្វើដំណើរនៅក្នុងតំបន់ធម្មជាតិវាគឺជារឿងមួយដែលមានការប្រថុយខ្លាំងណាស់ ដូច្នេះយើងអាចនិយាយបានថា ការធ្វើដំណើរទៅកាន់ទឹកធ្លាក់ Horries វាគឺជាដំណើរទេសចរណ៍ផ្សងព្រងបែបប្រថុយជីវិត។ បើយើងរំលឹកឡើងមកវិញកាលពីក្នុង ខែឧសភា ឆ្នាំ 2022 គឺមានទូកមួយបានបើកបុកថ្ម ហើយវាក៏បណ្តាលឲ្យមានអ្នកដំណើរជាច្រើនបានរងរបួស តែសំណាងហើយដែលមានក្រុមអ្នកជួយសង្គ្រោះទាន់ពេលវេលា។ យ៉ាងណាមិញចំពោះ ឧបទ្ទវហេតុនេះ វាក៏បានធ្វើឲ្យរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីប្រកាសឱ្យផ្អាកធ្វើដំណើរកម្សាន្តទៅកាន់តំបន់នោះ ក្រោមហេតុផលមួយថាគឺដើម្បីសុវត្ថិភាព ។