យោធារបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី២ខែមេសាថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យមចូលទៅក្នុងសមុទ្រខាងកើតកាលពីថ្ងៃអង្គារ ហើយពួកគេបានបញ្ជាក់ទៀតថា នេះជាការបាញ់មីស៊ីលផ្លោងលើកទីបីហើយប្រសិនបើយើងគិតត្រឹមក្នុងឆ្នាំ២០២៤នេះ។
បើយោងតាមរយៈអគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ក្រុមការងាររបស់ខ្លួនបានរកឃើញនូវភស្តុតាងជាច្រើនដែលអាចឲ្យពួកយើងសន្មតបានថា មីស៊ីលដែលមានរយៈចំងាយមធ្យមមួយនោះគឺបានបាញ់ចេញពីទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល 6:53 ព្រឹក។
អ្នកនាំពាក្យរបស់ JCS បាននិយាយនៅក្នុងសារជាអក្សរទៅកាន់អ្នកយកព័ត៌មានបន្ថែមទៀតថា “យោធារបស់យើងនាពេលនេះគឺកំពុងតែបង្កើនការឃ្លាំមើល និងការប្រុងប្រយ័ត្នកាន់តែខ្ពស់ជាងមុនទៅទៀតគឺដើម្បីរៀបចំនិងបន្ថែមការការពារជាពិសេសគឺបន្ទាប់ពីមានការបាញ់បង្ហោះដោយទីក្រុងព្យុងយ៉ាង។ ម្យ៉ាងវិញទៀតមេដឹកនាំរបស់កូរ៉េខាងត្បូងក៏បានចែករំលែកព័ត៌មានដែលទាក់ទងនឹងការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងជាមួយនឹងអាជ្ញាធរអាមេរិក និងជប៉ុនរួចរាល់ហើយផងដែរ” ។
បើយោងទៅតាមការរៀបរាប់ពីក្រសួងការពារជាតិរបស់ប្រទេសជប៉ុនបាននិយាយថា មីស៊ីលផ្លោងរបស់កូរ៉េខាងជើងដែលបានបាញ់នាពេលថ្មីៗនេះគឺបានធ្លាក់ចូលទៅក្នុងដែនទឹករបស់ខ្លួនដែលស្ថិតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសជប៉ុនថែមទៀតផង។
គួរបញ្ជាក់ថា ការបាញ់បង្ហោះកាំជ្រួចផ្លោងចុងក្រោយនេះ គឺបានកើតឡើងនា ១៥ថ្ងៃ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំសមយុទ្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ នៅឯតំបន់ភាគខាងលិចរបស់ប្រទេស។
យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលដែលបាញ់ដោយប្រព័ន្ធរ៉ុក្កែតបាញ់ជាច្រើនគ្រាប់គឺមានទំហំប្រមាណ 600 មីលីម៉ែត្រ ដោយកូរ៉េខាងជើងបានហោះបានចម្ងាយប្រហែល 300 គីឡូម៉ែត្រ ហើយក្នុងនោះពួកគេបានកំណត់គោលដៅភាគច្រើនគឺនៅឯដែនទឹកនៃកូរ៉េខាងត្បូង។ បើតាមការបញ្ជាក់ពីខាងក្រុងព្យុងយ៉ាងបានអះអាងថា ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួនលើកនេះ គឺអាចនឹងត្រូវបំពាក់លើអាវុធមួយប្រភេទនេះថែមទៀតផង។
បើយោងទៅតាមក្រុមអ្នកជំនាញរបស់កូរ៉េខាងត្បូងបានលើកឡើងថា ការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយមធ្យមគឺពួកគេបានប្រើនូវ ឥន្ធនៈរឹង ដោយបំពាក់នូវក្បាលគ្រាប់មួយប្រភេទដែលមានល្បឿនលឿនជាងសំឡេងទៅទៀត។