ការរញ្ជួយដីដ៏ចម្លែកមួយបានកើតឡើងនៅលើកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃពុធ បើយោងតាមការរាយការដោយទីភ្នាក់ងារសារព័ត៌មាន CNN បាននិយាយ នៅពេលនេះគឺមានអគារជាច្រើនដែលស្ថិតនៅក្នុងទីក្រុង Hualien ត្រូវបានដួលរំលំ ហើយវាគឺជាគ្រោះថ្នាក់មួយដែលអាចនិងបង្កឱ្យមានការជូនដំណឹងទុកជាមុនអំពីរលកយក្សស៊ូណាមិផងដែរ។
បើយោងតាមរយៈវីដេអូមួយដែលត្រូវបានគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា គ្រោះធម្មជាតិមួយនេះគឺបានធ្វើឲ្យអគារខ្ពស់ៗជាច្រើនបានដួលរលំ ហើយចំណែកឯច្រាំងថ្មដ៏ធំនៅក្បាលកោះ Guishan ដែលមានរាងជាអណ្តើកត្រូវបានខូចខាតស្ទើទាំងស្រុង។ ការរាយការណ៍ដដែលបាននិយាយទៀតថាឥឡូវនេះរាល់អ្នកធ្វើដំណើរជាច្រើននៅលើដងផ្លូវបានឈប់រថយន្ត និងម៉ូតូខណៈដែលស្ពានកំពុងតែញ័រនិងយោល។
បើយោងទៅតាមក្រុមអ្នកជំនាញរបស់សហរដ្ឋអាមេរិក ដែលបានធ្វើការស្ទាបស្ទង់ភូគព្ភសាស្ត្របានពិនិត្យនិងវាស់ស្ទង់លើការរញ្ជួយដី នោះបានវាយតម្លៃថា ទីក្រុងតៃប៉ិគឺបានរងនូវការរញ្ជួយដីក្នុងកម្រិត 7.4។ ហើយការរញ្ជួយដីលើកនេះវាក៏ជាសញ្ញានៃការព្រមានអំពីរលកយក្សស៊ូណាមិដែលនឹងកើតចេញពីអូគីណាវ៉ា និងកោះក្បែរៗនោះក្នុងប្រទេសជប៉ុនថែមទៀតផង។
គួរបញ្ជាក់ថា ចំពោះការរញ្ជួយដីលើកនេះថ្វីត្បិតតែវានៅនៅក្បែរតំបន់ទឹករាក់ក៏ពិតមែន តែយើងមានអារម្មណ៍ថាវាហាក់ដូចជាកើតឡើងពាសពេញកោះតៃវ៉ាន់ និងផ្ទៃសមុទ្រដូច្នេះដែរ។ ព្រោះបើយោងតាមមន្ត្រីរបស់កោះតៃវ៉ាន់ម្នាក់បាននិយាយប្រាប់អ្នកសារព័ត៌មានបារាំង AFP ថា គ្រោះរញ្ជួយមួយនេះគឺវាពិតជាការរញ្ជួយដីមួយដែលខ្លាំងជាងគេបំផុតប្រសិនបើយើងគិតត្រឹមរយៈពេល 25 ឆ្នាំចុងក្រោយ គឺចាប់តាំងពីការរញ្ជួយដីកាលពីឆ្នាំ (1999)” ។
គួររំលឹកថាការរញ្ជួយដីក្នុងឆ្នាំ 1999 គឺមានកម្រិតប្រមាណ 7.6 រ៉ិចទ័រ ហើយវាបានសម្លាប់មនុស្សប្រមាណ 2,400 នាក់។ បើយោងតាមការរាយការពីទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីនក៏បានព្រមានប្រជាជននៅតាមឆ្នេរសមុទ្រនៃខេត្តមួយចំនួនឱ្យឡើងដល់ដីខ្ពស់ផងដែរ ព្រោះថាចំពោះតំបន់ដែលនៅក្បែរតំបន់ឆ្នេរសមុទ្រគឺអាចប្រឈមនឹងគ្រោះថ្នាក់បានគ្រប់ពេល។