ប្រមុខរដ្ឋាភិបាលរបស់ប្រទេសអូម៉ង់បានប្រកាសថា ខ្លួននឹងពង្រីករដ្ឋធានី Muscat ដោយប្រើប្រាស់ថវិការជាតិប្រមាណ1.3 ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍តំបន់មាត់ទន្លេរបស់ប្រទេសខ្លួន នេះបើយោងតាមការចុះពីទីភ្នាក់ងារសាព័ត៌មាន CNN កាលពីដើមខែមេសាឆ្នាំ ២០២៤។
គម្រោងអភិវឌ្ឍន៍ក្នុងតំបន់ទីប្រជុំជន Al Khuwair Muscat និង Waterfront គឺមានទំហំប្រមាណ 3.3 លានម៉ែត្រការ៉េ ដោយរួមបញ្ចូលទាំងអគារលំនៅដ្ឋាន កន្លែងចតទូកទេសចរណ៍ កន្លែងវប្បធម៌ ផ្លូវដើរកំសាន្តតាមប្រឡាយជាច្រើនកន្លែង គឺត្រូវបានរចនាឡើងដោយស្ថាបត្យករម្នាក់ដែលកំពុងតែល្បីនៅក្នុងពិភពលោកនោះ គឺលោកស្រី Zaha Hadid (ZHA) ។
យ៉ាងណាមិញបើយោងតាមបទសម្ភាសន៍ដោយផ្ទាល់ពីនាយករងរបស់ ZHA គឺស្ថាបត្យករ Paolo Zilli បានប្រាប់ CNN ថា លោកនិងក្រុមការងារ ZHA បានចំណាយពេលប្រហែលជិតមួយឆ្នាំក្នុងការគូរប្លង់មួយដែលល្អឥតខ្ចោះ ដើមបីបង្ហាញដល់ក្រសួងលំនៅដ្ឋាន និងនគរូបនីយកម្មរបស់ប្រទេសអូម៉ង់។
លោកបាននិយាយរៀបរាប់បន្តទៀតថា នៅក្នុងចក្ខុវិស័យរបស់លោក គឺលោកបានដកយាន្តយន្ត និងរបងទាំងអស់ចេញពីតំបន់កំសាន្ត។ ការធ្វើបែបនេះផងដែរគឺដើម្បីបង្កើតឲ្យបរិវេណរបស់យើងកាន់តែទូលំទូលាយ និងមានសោភ័ណភាពកាន់តែស្រស់ស្អាត និងកាន់តែគួរឲ្យទាក់ទាញ។
លោកបាននិយាយបន្តថា ការលើកទឹកចិត្តឲ្យមានអ្នកថ្មើរជើងវាក៏អាចជួយដល់ផ្នែកបរិស្ថាន និងធ្វើឲ្យមនុស្សកាន់តែមានលំហាត់ប្រាណ ដូច្នេះយើងចំនេញបានទាំងសុខភាព និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នថែមទៀតផង។ ការដាំដើមឈើនៅតាមដងផ្លូវនិង មាត់ទន្លេ ការប្រើប្រាស់ថាមពលដែលកកើតឡើងវិញ វាគឺជារឿងមួយដែលមនុស្សជំនាន់ថ្មីស្រលាញ់និងគាំទ្រពេញទំហឹង។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសអូម៉ង់បានពឹងផ្អែកលើប្រេងជាយូរមកហើយ ប៉ុន្តែឥឡូវថ្នាក់ដឹកនាំរបស់ប្រទេសមួយនេះ គឺកំពុងតែផ្តោតទៅលើការវិនិយោគក្នុងគម្រោងអចលនទ្រព្យវិញម្តង។ ដើម្បីជំរុញឲ្យមានអ្នកវិនិយោគពីបរទេសកាន់តែច្រើន ជាពិសេសគឺការស្វែងរកប្រាក់ចំណូលមួយដែលស្ថិតថេរនោះ គឺវាមិនមែនជាការពឹងផ្អែកទៅលើឧស្សាហកម្មប្រេងនោះទេ។ ស្តេចស៊ុលតង់បច្ចុប្បន្ននៃប្រទេសអូម៉ង់គឺមានយុទ្ធសាស្ត្រ និងចក្ខុវិស័យសម្រាប់ឆ្នាំ 2040 រួចរាល់ គឺទ្រង់បានផ្តោតទៅលើវិស័យទេសចរណ៍ ដោយធ្វើយ៉ាងណាគឺត្រូវកៀងកងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យមកទស្សនាប្រទេសខ្លួនឲ្យកាន់តែច្រើន។
បច្ចុប្បន្ននៅក្នុងរដ្ឋធានី Muscat គឺត្រូវបានគេព្យាករណ៍ថា នឹងប្រជាជនកើនឡើងចន្លោះពី 1.5 លាននាក់ទៅ 2.7 លាននាក់នៅឆ្នាំនេះ។ ក្នុងនោះផងដែរលោកបណ្ឌិត Khalfan bin Saeed bin Mubarak al-Shueili រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងនគរូបនីយកម្មនៃប្រទេសអូម៉ង់បានប្រាប់ CNN ថា ប្រទេសអូម៉ង់និងមានការផ្លាស់ប្តូរច្រើនដែលធ្វើឲ្យអ្នកនឹកស្មានមិនដល់ ។ លោកបានមានប្រសាសន៍បន្តថា ពួកយើងនិងផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសដោយពឹងផ្អែកទៅលើទេពកោសល្យ ជំនាញ និងសមត្ថភាពរបស់យុវជន ហើយពួកយើងនិងជុំរុញឲ្យប្រជាជនដែលរស់នៅក្នុងប្រទេសរបស់យើងក្លាយទៅមនុស្សដែលតាមទាន់បច្ចេកវិទ្យាថែមទៀតផង។
លោកបានបន្ថែមទៀតថា ភាពច្នៃប្រឌិតរបស់ស្ថាបត្យករ Zaha Hadid ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងចូលមកកែប្រែវាសនារបស់រដ្ឋធានី Muscat របស់យើងមិនឲ្យចាញ់បណ្តាលប្រទេសដទៃទៀតដែលលោកស្រីធ្លាប់បានក៏សាងនោះទេ។ លោកបានសង្ឈឹមយ៉ាងមុតមាំថាម្ចាស់ពានរង្វាន់ Pritzker Prize និងធ្វើឲ្យក្តីស្រម៉ៃនៃទីក្រុងនិម្មិតរបស់ប្រទេសអូម៉ង់ក្លាយទៅជាការពិត។