នាវាបំបែកទឹកកកក្នុងតំបន់ប៉ូលដំបូងគេបង្អស់របស់ប្រទេសចិនដែលមានឈ្មោះថា Xuelong 2 ឬ Snow Dragon 2 បានចូលចតនៅក្នុងកំពង់ផែនអន្តរជាតិមួយដែលស្ថិតនៅ Tsim Sha Tsui នៃទីក្រុងហុងកុង កាលពីថ្ងៃចន្ទ គឺបន្ទាប់ពីនាវាបំបែកទឹកកកមួយគ្រឿងនេះបានធ្វើដំណើរបេសកកម្មក្នុងសមុទ្រទឹកកកអាកទឹកអស់រយៈពេល៧ថ្ងៃកន្លងមក នេះបើយោងតាមការរាយការពីសារព័ត៌មានចិនស៊ិនហួរកាលពីថ្ងទី ៩ ខែមេសា ឆ្នាំ២០២៤។
នាវាបំបែកទឹកកកមួយប្រភេទដែលមានឈ្មោះថា Xuelong 2 ដែលជានាវាផលិតក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទថា នាវា Xuelong 2 គឺបានធ្វើដំណើរមកដល់តំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង (HKSAR) រួចរាល់គឺដើម្បីប្រកាសពីសមទ្ធផលរបស់ខ្លួនដែលទទួលបានក្នុងកំឡុងពេលធ្វើដំណើរទស្សនកិច្ច។
បើយោងតាមការរៀបរាប់ពីលោក John Lee ដែលជានាយកប្រតិបត្តិនៃ HKSAR បាននិយាយថា Xuelong 2 គឺជានាវាបំបែកផ្ទាំងទឹកកកតំបន់ប៉ូល ដែលផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសចិន ដោយយើងបានរចនាឡើងសម្រាប់ការធ្វើបេសកកម្មនៅតំបន់ប៉ូលជាពិសេសតែម្តង។ ហើយចំពោះការផលិតនូវនាវាមួយប្រភេទនេះផងដែរគឺយើងបានប្រើបច្ចេកវិទ្យាសំខាន់ៗជាច្រើន បូកទាំងការច្នៃប្រឌិតមួយចំនួនធំពីក្រុមបច្ចេករបស់ប្រទេសចិនជាច្រើននាក់។
លោក Lee បាននិយាយថា ចំពោះកំពង់ផែនដែលជាចំណតដ៏សក្តិសមក្នុងការរង់ចាំទទួលនាវា Xuelong 2 នោះវាគឺមានទីតាំងស្ថិតនៅក្នុងទីក្រុងហុងកុង ដោយក្នុងនោះខាងក្រុមការងារដែលចុះបេសកកម្មនៅអង់តាក់ទិករបស់ប្រទេសបានលើកឡើងថា ពួកនឹងចែករំលែកដល់សាធារណជនឲ្យបានច្បាស់អំពីលទ្ធផលការងារ និងការស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្ររបស់ពួកគេ ហើយពួកគេនឹងធ្វើការបង្ហាញយ៉ាងពេញលេញនូវភាពយកចិត្តទុកដាក់របស់រដ្ឋាភិបាលកណ្តាលសម្រាប់ហុងកុងថែមទៀតផង។
យ៉ាងណាមិញបើយោងតាមរយៈលោក Sun Shuxian ដែលជាអនុរដ្ឋមន្ត្រីក្រសួងធនធានរ៉ែធម្មជាតិ បាននិយាយថា កាលពីក្នុងខែតុលា ឆ្នាំ២០០៤ នៅពេលដែលក្រុមបេសកកម្មរបស់យើងបានធ្វើដំណើរទៅកាន់តំបន់អង់តាក់ទិកកាលពីលើកទី ២១ នៅពេលនោះប្រទេសចិនក៏បានចាប់ផ្តើម ចង់បង្កើតនូវនាវាស្រាវជ្រាវតំបន់ប៉ូលមួយប្រភេទដែលមានឈ្មោះថា Xuelong ។
លោក Sun បាននិយាយបន្តថា បន្ទាប់ពីរយៈពេល 20 ឆ្នាំកន្លងមកនេះ Xuelong 2 នឹងជំរុញទៅមុខជាមួយនឹងការផ្លាស់ប្តូរ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផ្នែកដីគោក និងហុងកុងដើម្បីទទួលបាននូវភាពជោគជ័យមួយលើវិស័យស្រាវជ្រាវក្នុងតំបន់ប៉ូល ។
តាមពិតទៅចំពោះគោលបំណងក្នុងការបង្កើតនាវាបំបែកផ្ទាំងទឹកកកក្នុងតំបន់ប៉ូល គឺប្រទេសចិនមានគោលបំណងសំខាន់ៗចំនួន២ គឺដើម្បីស្រាវជ្រាវពីអាថ៌កំបាំងក្នុងសមុទ្រអាកទិច និងដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញពីទីក្រុងសៀងហៃ ទៅកាន់ទ្វីអឺរ៉ុប។
គណៈកម្មាធិការរៀបចំនៃដំណើរទស្សនកិច្ចរបស់ Xuelong 2 បានសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចលើកនេះនឹងជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនហុងកុងអំពីបេសកកម្មតំបន់ប៉ូលរបស់ប្រទេស ជាពិសេសគឺដើម្បីទាមទាចំណាប់អារម្មណ៍ពីក្រុមយុវជនឲ្យសម្លឹងឲ្យបានវែងឆ្ងាយ ក៏ដូចជាសាទរចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រតំបន់ប៉ូលរបស់រៀមច្បងរបស់ខ្លួន។
សូមជម្រាបថា នាវាបំបែកទឹកកក Xuelong 2 នឹងអនុញ្ញាតឱ្យមានការចូលទៅទស្សនាជាសាធារណៈចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រសប្តាហ៍នេះ។ ហើយក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងហុងកុង ក្រុមបេសកកម្មអង់តាក់ទិកនឹងធ្វើសន្និសីទអន្តរជាតិក្នុងរយៈពេលពីរថ្ងៃដោយស្តីពីការប្រែប្រួលអាកាសធាតុដែលស្ថិតក្នុងបរិវេននៃសាកលវិទ្យាល័យចិនហុងកុង។
ក្រុមអ្នកវិទ្យាសាស្ត្ររបស់ Xuelong 2 នឹងជួបជាមួយសិស្សនិស្សិតប្រហែលជា 200 នាក់នៅសារមន្ទីរវិទ្យាសាស្ត្រហុងកុង ដែលជាកន្លែងពិព័រណ៍ “ការស្រាវជ្រាវប៉ូល និងការប្រែប្រួលអាកាសធាតុ” ជាពិសេសតែម្តង។
គួររំលឹកសាជាថ្មីថា Xuelong 2 គឺជានាវាស្រាវជ្រាវប៉ូលទីបួនហើយសម្រាប់ប្រទេសចិន បន្ទាប់ពី Xiangyanghong 10, Jidi និង Xuelong ។ Xuelong 2 វាមានប្រវែងសរុបប្រមាណ 122.5 ម៉ែត្រ ជាមួយនឹងទំងន់ប្រមាណជិត 14.000 តោន ដោយផ្ទុកនៅថាមពលដំឡើងសរុបប្រហែល 23.2 មេហ្គាវ៉ាត់ និងមានសមត្ថភាពផ្ទុកនាវិក និងអ្នកដំណើរប្រមាណ 101 នាក់។