នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc លោក Tim Cook បានប្រកាសថា ក្រុមហ៊ុនរបស់ខ្លួនមានគម្រោងទិញយកគ្រឿងបន្លាស់ពីប្រទេសវៀតណាមបន្ថែមទៀត ដើម្បីបង្ហាញសញ្ញាថា វៀតណាមគឺជាខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងល្អរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា នាយកប្រតិបត្តិ Tim Cook បានសន្យាបែបនេះ នៅពេលដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ដែលជាជំនួបមួយបានធ្វើឡើងនៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃអង្គារ នេះបើយោងតាម សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលនៃប្រទេសវៀតណាម។
ប្រភពដដែលបាននិយាយទៀតថា ចាប់តាំងពីក្រុមបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះបានចាប់ផ្តើមសហការជាមួយនឹងប្រទេសវៀតណាមកាលពីឆ្នាំ ២០១៩ កន្លងមក ក្រុមហ៊ុន Apple គឺបានចំណាយជាសាច់ប្រាក់ប្រមាណ16 ពាន់លានដុល្លាររួចទៅហើយ មិនត្រឹមប៉ុណ្ណោះក្រុមហ៊ុនយក្សខាងលើក៏បានបង្កើតការងារសម្រាប់ប្រជាជនវៀតណាមច្រើនជាង 200,000 នាក់ថែមទៀតផង។
បើយោងតាមសេចក្តីថ្លែងការណ៍ដោយផ្ទាល់ពីលោក Tim Cook បានឲ្យដឹងបន្ថែមថា Apple “បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងសកម្មភាពវិនិយោគជាច្រើនទៀតនៅក្នុងបណ្តាលប្រទេសអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ ចំពោះដំណើរទស្សនកិច្ចរបស់លោក Tim Cook បានបង្ហាញឲ្យយើងដឹងថា ឥឡូវនេះមួយក្នុងចំណោមសមាជិកអាស៊ាន វៀតណាមបានក្លាយទៅជាប្រទេសមួយដែលមានសក្តានុពល និងមានសារៈសំខាន់ខ្លាំងជាងគេចំពោះក្រុមហ៊ុនធំៗជាច្រើននៅក្នុងពិភពលោក ខណៈដែលពួកគេទាំងនោះកំពុងស្វែងរកជម្រើសថ្មីក្រៅពីប្រទេសចិន។
បើយោងទៅតាមការរៀបរាប់ពីក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាម បានឱ្យដឹងបន្ថែមថា វៀតណាមបានទាញយកការវិនិយោគដោយផ្ទាល់ពីបរទេសច្រើនជាង 4.29 ពាន់លានដុល្លារ ហើយទិន្នន័យនេះគឺយើងគិតត្រឹមក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។ យ៉ាងណាមិញចំពោះការកើនឡើងនេះទៀតសោត ប្រសិនបើយើងយកទៅធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2023 គឺវាមានកំណើនរហូតដល់ទៅ 39% ឯណោះ។ ការកើនឡើងដ៏ច្រើនលើសលប់នេះ ខាងក្រុមការងាររបស់ CNN គិតលើតែការវិនិយោគថ្មីនិងលុយថ្មីតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសវៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានក្លាយទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកលូតលាស់ឆាប់រហ័សជាងគេបំផុតនៅក្នុងអាស៊ីអាគ្នេយ៍។ មិនត្រឹមតែប៉ុណ្ណោះប្រទេសវៀតណាមក៏បានដើរតួរយ៉ាងសំខាន់ ក្នុងនាមជាផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតធំៗនៅក្នុងពិភពលោក មិនចាញ់ប្រទេសឥណ្ឌាប៉ុន្មាននោះទេ ហើយការរីកចំរើនមួយនេះ វាក៏ព្រោះតែបច្ចុប្បន្នទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងលោកខាងលិចកំពុងតែមានភាពប្រេះស្រាំ។
តែបើទោះជាយ៉ាងនេះក្តី ចំពោះការងាកទៅរកអ្នកផ្គត់ផ្គង់ថ្មី ក្រៅពីប្រទេសចិន គឺមានក្រុមអ្នកជំនាញដូចជាលោក Dan Ives ដែលមានមូលដ្ឋាននៅក្នុងក្រុមហ៊ុន Wedbush Securities បានលើកឡើងថា ទាំងទំហំទីផ្សា និង វត្ថុធាតុដើមដែលមាននៅក្នុងប្រទេសវៀតណាម គឺវានៅតែមិនអាចប្រៀបស្មើនឹងប្រទេសចិនបាននោះឡើយ។