អាជ្ញាធររបស់ប្រទេសចិនបានម្លៀសប្រជាជនខ្លួន 60,000 នាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេដែលស្ថិតនៅក្នុងខេត្ត Guangdong ខណៈដែលតំបន់មួយនេះបានរងនូវភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃកន្លងមក។
បើយោងតាមការចុះផ្សាយពី BBC កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា វាបានបណ្តាលឱ្យមានទឹកជំនន់ដ៏ធំមួយបានកើតឡើង នៅក្នុងខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសចិន។ ទឹកជំនន់ដោយសារទឹកភ្លៀង បានធ្វើឲ្យមនុស្ស១១នាក់បានបាត់ខ្លួន ប៉ុន្តែក្នុងនោះគឺមិនមាននរណាម្នាក់រងរបួសទេ។
បើយោងតាមរយៈខ្សែវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអនឡាញបង្ហាញឲ្យឃើញថា នៅក្នុងខេត្តដ៏ធំល្វឹងល្វើយ គឺមានតែផ្ទៃទឹកប៉ុណ្ណោះ ។ វីដេអូបានបង្ហាញទៀតថា ក្រុមអ្នកជួយសង្គ្រោះកំពុងជិះកាណូតដើម្បីទៅយកមនុស្សដែលកំពុងស្ថិតនៅក្នុងទឹកជ្រៅ។
ទន្លេធំៗជាច្រើននាពេលនេះគឺបានបាក់ច្រាំង ហើយអាជ្ញាធរកំពុងតាមដានយ៉ាងដិតដល់នូវកម្រិតទឹក “ខ្ពស់ដ៏គ្រោះថ្នាក់”មួយនេះផងដែរ។ អាជ្ញាធររបស់ចិនបានព្រមានថា កម្រិតទឹកទន្លេនៅភាគខាងជើងនៃខេត្តក្វាងទុងអាចឡើងដល់កម្រិតកំពូល “រាល់រយៈពេល 100 ឆ្នាំម្តង “គឺនៅព្រឹកថ្ងៃចន្ទ បើទោះបីជាវាមិនទាន់ឡើងដល់កម្រឹតខ្ពស់ភ្លាមៗក៏ដោយ។
ចំពោះតំបន់មួយចំនួននៃខេត្តក្វាងទុង ត្រូវបានគេចាត់ទុកថា វាគឺជាផ្នែកមួយនៃតំបន់ដីសណ្តទន្លេគុជ ដែលងាយនឹងកើតមានទឹកជំនន់ខ្លាំងជាងគេ ព្រោះថាវានឹងរងឥទ្ធិពលខ្លាំង ដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រ និងការកើនឡើងនៃព្យុះជាដើម។
តំបន់ដីសណ្តជាទូទៅ វាគឺជាមូលដ្ឋានផលិតកម្មដ៏សំខាន់នៅក្នុងប្រទេសចិន និងជាតំបន់មួយដែលមានប្រជាជនរស់នៅច្រើនជាគេបំផុតរបស់ខ្លួន។ ប្រសិនបើយើងនិយាយពីចំនួនប្រជាជនវិញ គ្រាន់តែនៅក្នុងខេត្ត Guangdong តែមួយគត់ គឺមានប្រជាជនរស់នៅប្រហែល 127 លាននាក់ទៅហើយ។
យ៉ាងណាមិញ នៅក្នុងរដ្ឋធានីនៃខេត្តក្វាងចូវ ក៏ដូចជាទីក្រុងតូចៗ Shaoguan និង Heyuan វាក៏ត្រូវបានគេចាត់ទុកថា ជាតំបន់ដែលស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះដែរ។
មិនត្រឹមតែប៉ុណ្ណោះជំនន់ដោយសារទឹកភ្លៀង វាបានធ្វើឲ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល និងពន្យារពេល។ កាសយានដ្ឋានអន្តរជាតិ Baiyun ក្នុងទីក្រុង Guangzhou ត្រូវផ្អាកដំណើរការជាបន្តបន្ទាប់ ខណៈដែលសាលារៀនត្រូវបានបញ្ជាឱ្យបិទចំនួនបីថ្ងៃមកហើយនោះ។
ទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀង វាបានបង្កឲ្យផ្ទះរាប់សិបខ្នងនៅទូទាំងខេត្តបានដួលរលំ ខ្លះទៀតបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងនោះខាងអាជ្ញាធរប៉ាន់ប្រមាណថា ការខាតបង់សេដ្ឋកិច្ចរបស់ចិនដោយផ្ទាល់នាពេលនេះ គឺមានតម្លៃរហូតដល់ទៅជិត 140.6 លានយន់ (19.8 លានដុល្លារ)។
គួររំឮកថា កាលពីខែកក្កដាឆ្នាំមុន រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន និងខេត្តជុំវិញដូចជាទីក្រុង Hebei វាត្រូវបានជន់លិចដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដូចគ្នា បន្ទាប់ពីតំបន់ទាំងនោះបានរងនូវឥទ្ធិពលពីព្យុះទីហ្វុងដែលបក់មកពីមហាសមុទ្រប៉ាស៊ីហ្វិក។ នៅពេលនោះប្រទេសចិនបាននិយាយថា
ទីក្រុងប៉េកាំងបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល 140 ឆ្នាំចុងក្រោយ។