ស្ថាបនិក Alibaba លោក Jack Ma បានសរសើរចំពោះការរៀបចំឡើងវិញរបស់ក្រុមហ៊ុនខ្លួន បន្ទាប់ពីមានការផ្លាស់ប្តូរដ៏ច្របូកច្របល់មួយកាលពីឆ្នាំមុន។
គួររំឭកថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Alibaba បានធ្វើការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដោយយើងអាចនិយាយបានថា វាគឺជាការផ្លាស់ប្តូររបៀបគ្រប់គ្រងរបស់លោក គឺក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឲ្យក្រុមហ៊ុនរបស់ខ្លួនអាចវិលត្រលប់មកវិញក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន។
លោក ធ្លាប់បានលើកឡើងថា ដើម្បីឲ្យ Alibaba ក្លាយទៅជាក្រុមហ៊ុនដែលឈានមុខ ក្នុងនោះយើងត្រូវកែប្រែចាប់ពីបុគ្គលិកខាងក្នុងមុនគេ។ ការដើរទៅមុខវាត្រូវតែរងនូវសម្ពាធ មិនខ្វល់ថាវាជាបរិយាកាសខាងក្នុង ឬខាងក្រៅទេ តែយើងមានឆន្ទៈតែមួយគត់គឺដើម្បីឲ្យ Alibaba នៅតែជាក្រុមហ៊ុនដ៏រឹងមាំ។
សូមបញ្ជាក់ថា បច្ចុប្បន្នភាគហ៊ុនរបស់ Alibaba ដែលចុះបញ្ជីនៅអាមេរិក គឺវាបានឡើងថ្លៃរហូតជិតដល់ 2% ។ ការកើនឡើងនេះ វាគឺជាភាពខ្លាំងមួយរបស់លោក Jack Ma យ៉ាងពិតប្រាកដ បើទោះបីជាកាលពីឆ្នាំ ២០២០ លោក Ma ត្រូវបាននិយតករចិន បានដក ការចុះបញ្ជីដ៏ធំនៃសម្ព័ន្ធហិរញ្ញវត្ថុរបស់លោក ដែលមានឈ្មោះថា Ant Group ក៏ដោយ។
ស្ថាបនិករបស់ Alibaba ដែលជាមហាសេដ្ឋីលំដាប់ទីប្រាំមួយនៅក្នុងប្រទេសចិន ក៏ដូចជាមហាសេដ្ឋីលំដាប់ទី 50 នៅលើពិភពលោក គាត់គឺជាមនុស្សម្នាក់ដែលធ្លាប់ចាប់ផ្តើមពី e-commerce រហូតដល់ cloud computing តែដោយសារតែទន្ទឹមនឹងនោះគឺបទប្បញ្ញត្តិក្នុងប្រទេសច្រើនពេក បូករួមទាំងការកើនឡើងនៃការប្រកួតប្រជែងដូចជាPDDនិងម្ចាស់ TiKTok ByteDance ទៀតនោះ វាក៏បានធ្វើឲ្យប្រាក់ចំនេញរបស់លោក Ma មានការថយចុះ។
តែបើទោះជាយ៉ាងណាក៏ដោយស្ថាបនិក Alibaba រូបនេះក៏បាននិយាយផងដែរថា Alibaba ត្រូវតែគិតថា តើ e-commerce មើលទៅដូចជាអ្វីក្នុងរយៈពេល 3 ឆ្នាំខាងមុខ? យើងត្រូវចេះប្រមើរមើលទៀតថា តើចាប់តាំងពីមានការមកដល់នៃបញ្ញាសិប្បនិម្មិត តើយើងគួរត្រៀមអ្វីខ្លះ? លោក Ma គឺជាមនុស្សម្នាក់ដែលតែងតែស្វែងយល់ ពីបច្ចេកវិទ្យាជានិច្ច ហើយលោកក៏បានត្រៀមខ្លួនរួចជាស្រេច ចំពោះអ្វីដែលនឹងកើតឡើងនាពេលខាងមុខ។
គួររំឮកថា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ លោក Jack Ma ក៏ធ្លាប់បានប្រកាសថា លោក និងទិញយកភាគហ៊ុនប្រមាណ 12.5 ពាន់លានដុល្លារពីទីផ្សារសហរដ្ឋអាមេរិក និងហុងកុងត្រឡប់មកវិញ ដោយក្នុងនោះលោកបានបង្ហាញពីគោលបំណងរបស់លោកថា លោកចង់ឱ្យតម្លៃរបស់ភាគហ៊ុនរបស់លោកងើបឡើងមកវិញ។
យ៉ាងណាមិញការទិញយកមកវិញនាពេលនោះ គឺទំហំប្រហែលជា 5% នៃភាគហ៊ុនសរុបរបស់ខ្លួន តែបច្ចុប្បន្នការកើនឡើងគឺមានប្រហែលត្រឹម 2%តែប៉ុណ្ណោះ។