ការកើនឡើងនៃការលក់រាយ វាបានធ្វើឲ្យក្រុមហ៊ុន Microsoft Corp. បានទទួលនូវប្រាក់ចំណេញប្រចាំត្រីមាសច្រើនជាងការរំពឹងទុករបស់ពួកគេទៅទៀត។
បើយោងតាមការចុះផ្សាយពី Bloomberg កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ បាឲ្យដឹងថា បច្ចុប្បន្នតម្រូវការនៃអាជីវកម្មគឺកាន់តែមានការកើនឡើង ដែលនាំឲ្យក្រុមហ៊ុនបម្រើសេវា cloud និងបញ្ញាសិប្បនិម្មិត(AI) ដូចជា Microsoft អាចទទួលបាននូវប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់។
ប្រភពដដែលបាននិយាយថា ក្រុមហ៊ុន Microsoft បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណូលនៅក្នុងត្រីមាសទីបីដែលបានបញ្ចប់នៅថ្ងៃទី 31 ខែមីនាបានកើនឡើងប្រមាណ 17% ឬស្មើនឹង 61.9 ពាន់លានដុល្លារ ខណៈពេលដែលប្រាក់ចំណេញនៃម្ចាស់ភាគហ៊ុនទទួលបានគឺស្មើនឹង 2.94 ដុល្លារក្នុងមួយហ៊ុន។
បើយោងទៅតាមក្រុមអ្នកជំនាញខាងផ្នែកទីផ្សាបានធ្វើការប៉ាន់ប្រមាណថា ប្រាក់ចំណូលក្នុងមួយហ៊ុនជាមធ្យមគឺមានតម្លៃ 2.83 ដុល្លារ ដោយយើងគិតទៅលើតែការលក់ចេញដែលទទួលបានជាទឹកប្រាក់ 60.9 ពាន់លានដុល្លារ។ យ៉ាងណាមិញ បើយោងតាមរយៈនាយកប្រតិបត្តិ Satya Nadella លោកបានប្រកាសថា បច្ចុប្បន្នពួកយើងកំពុងបញ្ចូលខ្សែផលិតផលទាំងមូលរបស់ Microsoft ជាមួយនឹងបច្ចេកវិទ្យា AI មកធ្វើជាដៃគូ OpenAI តែម្តង ។ ដោយក្នុងនោះ គេបានសង្កេតឃើញថា មានអតិថិជនជាច្រើន បានចុះឈ្មោះជាមួយនិងទីភ្នាក់ងាររបស់ក្រុមហ៊ុន ដើម្បីជាវ Azure cloud ដោយមានផលិតផល OpenAI នៅក្នុងនោះតែម្តង ។
បើយោងតាមការរៀបរាប់ពីលោក Dan Morgan អ្នកគ្រប់គ្រងផលប័ត្រជាន់ខ្ពស់នៅក្រុមហ៊ុន Synovus Trust Co. បាននិយាយថា “ប្រាក់ចំណូលជាក់លាក់ដែលបានមកពី AI របស់ Microsoft វាបានក្លាយជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់អ្នកប្រើប្រាស់រួចទៅហើយ”។ ម្ល៉ោះហើយវាក៏បានក្លាយទៅជាកក្តាចម្បងមួយ ដែលជំរុញឲ្យប្រាក់ចំណូលដែលបានមក Azure បានកើនឡើងខ្ពស់រហូតដល់ 31% នៅក្នុងត្រីមាសនេះ។
ក្រុមហ៊ុនបានព្យាករណ៍ទៀតថា កំណើន Azure នាពេលបច្ចុប្បន្ន ដែលនឹងបញ្ចប់នៅថ្ងៃទី 30 ខែមិថុនា វាអាចនៅចន្លោះ ពី 30% ទៅ 31% ហើយវាក៏ជាតួរលេខដែលលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគBloomberg ផងដែរ ដោយមុននោះពួកគេបានសន្និដ្ឋានថា ការកើនឡើងគឺមិនលើសពី 29% ។
គួររំឮកថា ក្រុមហ៊ុន Microsoft ធ្លាប់បាននិយាយទៀតថា គ្រាន់តែប្រាក់ចំណូលដែលបានមកពី cloud វាបានធ្វើឲ្យអាជីវកម្មរបស់បានកើនឡើងដល់ 23% ឬស្មើនឹង 35.1 ពាន់លានដុល្លារទៅហើយ ដូច្នេះចំពោះរង្វាស់នៃប្រាក់ចំណូលនាពេលអនាគត វានឹងមានកើនឡើងយ៉ាងតិចក៏ 29% ទៀតដែរ” ។