មហាសេដ្ឋីជនជាតិឥណ្ឌាម្នាក់ ដែលមានឈ្មោះថា Sagar Adani បាននិយាយប្រាប់អ្នកយកព័ត៌មានរបស់ CNN កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនរបស់លោកកំពុងតែរៀបចំក្នុងការបំប្លែងវាលខ្សាច់អំបិលដែលស្ងួតហួតហែងមួយកន្លែង ដែលមានទីតាំងស្ថិតភាគខាងលិចប្រទេសឥណ្ឌា។ លោកបានបន្តថា ដើម្បីឲ្យវាលខ្សាច់មួយនេះទទួលបាននូវការអភិវឌ្ឍ លោកក៏សម្រេចចិត្តថា លោកនឹងកែច្នៃតំបន់មួយនេះឲ្យក្លាយទៅជារោងចក្រថាមពលដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ លោកបានមានប្រសាសន៍ទៀតថា ប្រសិនបើយើងនិយាយពីទំហំនៃរោងចក្រមួយនេះវិញ គឺលោកពិបាកនឹងនិយាយប្រាប់ពីចំនួនផ្ទៃសរុបឲ្យបានក្បោះក្បាយខ្លាំងណាស់ ប៉ុន្តែអ្នកអាចក្រឡេកទៅមើលទីក្រុងប៉ារីសរបស់ប្រទេសបារាំងថា តើវាមានទំហំធំប៉ុណ្ណា នោះអ្នកប្រាកដជាអាចសន្មត់បានថា ចុះបើវាស្មើរនឹងទីក្រុងប៉ារីស ៥ដង វិញនោះ តើផ្ទៃសរុបស្មើនឹងប៉ុណ្ណា?
គួរបញ្ជាក់ថា លោក Sagar Adani គាត់គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Adani Green Energy Limited (AGEL) ដែលជាទូទៅគេតែងហៅក្រុមហ៊ុននេះថា ជាក្រុមហ៊ុនថាមពលបៃតង។ Adani Green Energy គឺជាក្រុមហ៊ុនកកើតឡើងវិញដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលជាមធម្យរោងចក្រមួយនេះអាចផលិតថាមពលបានរហូតដល់ 20,434 MW ។
នៅក្នុងទស្សនៈវិស័យរបស់លោក Sagar Adani លោកគឺជាអ្នកជំនួញម្នាក់ ដែលតែងតែគិតគូរលើប្រទេសជាតិរបស់លោកជាចម្បង។ លោក Adani បានបង្កើតរោងចក្រថាមពលបៃតងឡើង ក្នុងគោលបំណងធំៗចំនួនពីរជាពិសេស ទី១ គឺដើម្បីស្វែងរកប្រាក់ចំណូល ហើយជំនួញមួយនេះ វាក៏បានជួយអភិវឌ្ឍទៅលើដីដែលមិនអំណោយផលលើផលកសិកម្មផងដែរ ជាពិសេសគឺលោកអាចជួយប្រជាជនរបស់លោកឲ្យមានការងារធ្វើ។ ទីពីរ គឺលោក បានយកធនធានធម្មជាតិដែលមានស្រាប់យកទៅប្រើប្រាស់ឲ្យអស់ពីលទ្ធភាព។ តួយ៉ាងដូចជាការធ្វើប្រតិបត្តិការ និងថែរក្សាគម្រោងថាមពលអគ្គិសនីដោយយកពីថាមពលពន្លឺព្រះអាទិត្យ និងកសិដ្ឋានខ្យល់យកមកធ្វើជាវត្ថុធាតុដើម។ ម្យ៉ាងទៀតចំពោះអគ្គិសនីមួយនេះផងដែរ លោកក៏បានយកវាទៅផ្គត់ផ្គង់ដល់អង្គភាពរដ្ឋាភិបាលកណ្តាល និងរដ្ឋ ក៏ដូចជាសាជីវកម្មផ្សេងៗជាច្រើនទៀតក្នុងតម្លៃមួយដែលទាបបំផុត គឺដើម្បីជាការឆ្លើយតប និងការគាំទ្រដល់រាជរដ្ឋាភិបាល។
លោក Sagar Adani គាត់ត្រូវបានក្រុមការងាររបស់ CNN រាយករណ៍ទៀតថា គាត់គឺជាក្មួយប្រុសបង្កើតរបស់លោក Gautam Adani ដែលជាមហាសេដ្ឋីលំដាប់ទីពីរនៅក្នុងអាស៊ី ដោយលោកមានទ្រព្យសម្បត្តិសុទ្ធប្រមាណ 100 ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ប្រភពមួយនេះបានឲ្យដឹងទៀតថា ដោយសារតែលោក Gautam Adani គាត់គឺជាមនុស្សម្នាក់ដែលមានភាពស្និទ្ធស្នាលជាមួយនិង នាយករដ្ឋមន្ត្រីឥណ្ឌាខ្លាំងជាងគេ ហេតុដូច្នេះហើយ ទើបគេសង្កេតឃើញថា រាល់ជំនួញធំៗជាច្រើនដូចជា ការនាំចេញនិងចូលនូវធ្យូងថ្មដ៏ធំបំផុតរបស់ឥណ្ឌា ក៏ដូចជាអ្នករុករករ៉ែដែលនាំមុខគេ ទាំងរោងចក្រថាមពលកំដៅ សូម្បីតែក្រុមហ៊ុនដែលជាប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផលិតស៊ីម៉ងត៍ វាសុទ្ធសឹងតែជាក្រុមហ៊ុនរបស់រង្សត្រកូល Adani ស្ទើរទាំងស្រុង។
យ៉ាងណាមិញ ប្រសិនបើយើងនិយាយតែលើគម្រោងនៃការសាងសង់រោងចក្រថាមពលបៃតងដែលធំជាងគេនៅក្នុងពិភពលោកនាពេលខាងមុខ ក្រុមការងាររបស់ CNN បាននិយាយថា គម្រោងវិនិយោគមួយនេះ និងត្រូវការចំណាយប្រហែលជា 100 ពាន់លានដុល្លារ។ ហើយប្រសិនបើយើងនិយាយពីចំណុចស្នូលនៃថាមពលស្អាតរបស់ Adani Group វិញ គឺវាបានកើតឡើងនៅពេលដែល ពិភពលោកបានទទួលរងនូវអាកាសធាតុក្តៅខុសពីធម្មតា។ ហេតុដូច្នេះហើយទើបលោក នាយករដ្ឋមន្ត្រី Narendra Modi បានសន្យាថា នៅថ្ងៃខាងមុខ ពួកយើងនឹងមានប្រភពដែលអាចកើតឡើងវិញ។ ហើយនៅពេលនោះថាមពលព្រះអាទិត្យ និងថាមពលខ្យល់ គឺវានលទ្ធភាពក្នុងការជួយបំពេញតម្រូវការថាមពលឲ្យយើងយ៉ាងតិចក៏ 50% បន្ថែមទៀត ខណៈដែលប្រជាជនរបស់យើងប្រមាណ1.4 ពាន់លាននាក់កំពុងតែត្រូវការវាជាចាំបាច់។
រដ្ឋាភិបាលប្រទេសឥណ្ឌាបានកំណត់ទៀតថា រោងចក្រថាមពលបៃតងមួយនេះ ត្រូវតែបំពេញឲ្យបាននូវគោលដៅយ៉ាងតិច 500 gigawatts (GW) នៃសមត្ថភាពផលិតថាមពលអគ្គីសនី នៅក្នុងឆ្នាំ 2030 ដោយមិនរាប់បញ្ចូលនូវឥន្ធនៈហ្វូស៊ីលជាដាច់ខាត។
យើងខ្ញុំសូមបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមួយដែលប្រើប្រាស់ថាមពលអគ្គីនីធំជាងគេទីបីនៅក្នុងពិភពលោក បើទោះបីជាការប្រើប្រាស់ថាមពល និង ការបំភាយឧស្ម័នសម្រាប់មនុស្សម្នាក់ៗ មានតិចជាងពាក់កណ្តាលនៃមធ្យមភាគនៅក្នុងពិភពលោកក៏ដោយ នេះបើយើងយោងតាមទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។
IEA បាននិយាយទៀតថា នៅក្នុងឆ្នាំ 2050 ចំពោះតម្រូវការអគ្គិសនីសរុបរបស់ប្រទេសឥណ្ឌា ដោយយើងគិតតែលើការប្រើម៉ាស៊ីនត្រជាក់តាមលំនៅដ្ឋានតែមួយមុខ ឥណ្ឌាបានប្រើថាមពលលើសពីការប្រើប្រាស់ថាមពលជាសរុបនៅក្នុងទ្វីបអាហ្រ្វិកទាំងមូលនាពេលបច្ចុប្បន្នទៅទៀត។
ប្រទេសឥណ្ឌាមិនអាចពឹងផ្អែកតែលើឥន្ធនៈហ្វូស៊ីល សម្រាប់តម្រូវការដែលកំពុងកើនឡើងមិនឈប់ឈរនេះបានទេ ហេតុដូច្នេះហើយ រដ្ឋាភិបាលឥណ្ឌាត្រូវតែប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាប្រឈមនេះ តែឥណ្ឌាក៏មិនអាចមិនខ្វាយខ្វល់ពីផលប៉ះពាល់ ដោយសារវិបត្តិអាកាសធាតុបាននោះដែរ។