ក្រុមហ៊ុនយក្ស Google គ្រោងនឹងផលិតទូរសព្ទ Pixel នៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នឹងចាប់ផ្តើមផលិតនូវទូរស័ព្ទដៃស្មាតហ្វូនមួយប្រភេទដែលមានឈ្មោះថា Pixel នាពេលឆាប់ៗនេះ ពោលគឺសម្រាប់លក់នៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមប្រភពដែលដឹងពីការអភិវឌ្ឍន៍បាននិយាយប្រាប់ BBC កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

ជាការពិតណាស់ក្រុមហ៊ុន Google មានគម្រោងផលិតទូរស័ព្ទមួយប្រភេទនេះ នៅក្នុងរោងចក្រ Foxconn ដែលមានស្រាប់នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌាជាយូយាណាស់មកហើយ។ តែអ្វីដែលក្រុមការងារ BBC ចាប់អារម្មណ៍ជាមួយព័ត៌មានមួយនេះកាន់តែខ្លាំងនោះ គឺដោយសារតែប្រភពដដែលខាងលើបាននិយាយទៀតថា ក្រុមហ៊ុន Google ក៏អាចនឹងធ្វើការផលិតយន្តហោះគ្មានមនុស្សបើកដោយឯករាជ្យនៅក្នុងរដ្ឋមួយនេះថែមទៀតផង។

គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសឥណ្ឌាបានប្រឈមមុខដាក់គ្នាជាមួយប្រទេសជិតខាងដីគោកជាច្រើនលើកកន្លងមក ប្រទេសឥណ្ឌាបានចាប់ផ្តើមលេចចេញជាទិសដៅសំខាន់មួយ ក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ថ្មីក្រៅប្រទេសចិនឲ្យកាន់តែច្រើន។ ម្យ៉ាងទៀតការស្វែងរកដៃគូរសហការថ្មីលើកនេះ វាហាក់ដូចជាអំណោយផលដល់ប្រទេសឥណ្ឌាព្រោះវាចំពេលដែលចិនកំពុងតែមានភាពតានខាងផ្នែកភូមិសាស្ត្រនយោបាយជាមួយប្រទេសលោកខាងលិច។

យើងខ្ញុំសូមរំឮក កាលពីឆ្នាំមុនក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ធ្លាប់បានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការបង្កើតស្មាតហ្វូន Pixel នៅក្នុងប្រទេសឥណ្ឌាម្តងរួចមកហើយ  ដោយពួកគេនឹងចាប់ផ្តើមការលក់ជាមួយនឹងទូរស័ព្ទ Pixel 8។

Google តែងតែចាត់ទុកថា ប្រទេសឥណ្ឌាគឺជាទីផ្សារអាទិភាពមួយសម្រាប់ការលក់ទូរស័ព្ទដៃស្មាតហ្វូន Pixel របស់ខ្លួន ដោយក្នុងនោះខាងក្រុមហ៊ុនបានប្តេជ្ញាទៀតថា ខ្លួននឹងនាំយកនូវ Hardware ដ៏ល្អបំផុតរបស់ខ្លួន ក៏ដូចជាសមត្ថភាពផ្នែកខាងក្នុងយកមកតភ្ជាប់ជាមួយប្រជាជនឥណ្ឌាឲ្យកាន់តែទូលំទូលាយជាងមុនទៅទៀត។

យ៉ាងណាមិញបើយោងទៅប្រភពដែលបាននិយាយប្រាប់ BBC ថា ក្រុមហ៊ុន Google របស់ Alphabet នឹងផលិតស្មាតហ្វូន Pixel ជំនាន់កម្រិតខ្ពស់នៅឯរោងចក្រ Tamil Nadu នោះ មនុស្សមួយក្រុមនោះបានបញ្ជាក់ទៀតថា ពួកគេនឹងដំណើរការផលិតនៅក្នុងឆ្នាំនេះតែម្តង។ ហើយប្រភពដដែលនោះបាននិយាយបន្តថា Google និង Foxconn បានចុះកិច្ចសន្យារួចរាល់ហើយផងដែរ។

បច្ចុប្បន្ន Foxconn មានកន្លែងពីរនៅ Tamil Nadu គឺនៅ​កន្លែង​មួយដែល​នៅ​ជិត​ទីក្រុង Chennai ដែលយើងអាចដឹងយ៉ាងច្បាស់ថា ទីតាំងនោះគឺជាទីតាំងសម្រាប់​ដំឡើង iPhone របស់ Apple។

ការ​សម្រេច​ចិត្ត​របស់ Google ក្នុង​ការ​ផលិត​ទូរសព្ទ Pixel ក្នុង​រដ្ឋ Tamil Nadu គឺដោយសារតែពួកគេបានដឹងច្បាស់ពីកម្រឹតជីវភាពរបស់ប្រជាជនឥណ្ឌា។ យ៉ាងណាមិញ ប្រសិនបើ Google គ្រាន់តែផលិតនូវទូរស័ព្ទស្មាតហ្វូនមួយដែលមានសមត្ថភាពមិនចាញ់ទូរស័ព្ទដែលមានតម្លៃថ្លៃដូចជា iPhone តែទន្ទឹមនឹងនោះ វាបែរជាមានតម្លៃទាបសមរម្យនោះ ប្រាកដណាស់Pixel ពិតសក្តិសមជាមួយនឹងទីផ្សានៅក្នុប្រទេសឥណ្ឌាខ្លាំងជាងគេ។

Reporter:
scroll to top