កូនស្រីពៅរបស់ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺលោកស្រី Paetongtarn Shinawatra ដែលជាមេដឹកនាំគណបក្សភឿថៃ បាននិយាយទៅកាន់មហាលជនថា លោកស្រីមិនទាន់ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់នោះទេ បើទោះបីជាលោក ស្រេតថា ថាវីស៊ីន ត្រូវបានដកចេញពីតំណែងក្នុងករណីដែលពាក់ព័ន្ធនឹងការតែងតាំងគណរដ្ឋមន្ត្រីដែលមានកំណត់ត្រាជាប់ពន្ធនាគារក៏ដោយ។
គួរបញ្ជាក់ថា លោកស្រី Paetongtarn គាត់គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបទៀតរបស់បក្សភឿថៃដូចគ្នា តែបើទោះជាយ៉ាងនេះក្តី លោកស្រីនៅតែប្រកាន់ជំហរថា លោកស្រីនៅមិនទាន់បានត្រៀមខ្លួន ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនាពេលនេះនៅឡើយ។
ក្នុងនាមខ្លួនគឺជាមេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra នៅតែផ្តល់សង្ឃឹមដល់លោកស្រេតថា ថាវីស៊ីនយ៉ាងដូច្នេះថា លោកស្រីជឿជាក់ថា តុលាការធម្មនុញ្ញរបស់ថៃនឹងកាត់ក្តីដោយអនុគ្រោះដល់លោក ស្រេតថា ថាវីស៊ីន។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា លោក ស្រេតថា ថាវីស៊ីន គាត់គឺជាមេដឹកនាំម្នាក់ដែលពោលពេញដោយទំនួលខុសត្រូវ និងចិត្តយ៉ាងមុះមុតក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសថៃយ៉ាងពិតប្រាកដ។ យ៉ាងណាមិញទង្វើលល្អរបស់លោក គឺត្រូវបានមហាលជនបានមើលឃើញយ៉ាងទូលំទូលាយ។
សូមរំឮកថា កាលពីថ្ងៃព្រហស្បតិ៍ តុលាការធម្មនុញ្ញបានទទួលយកញត្តិមួយដែលទាមទារឲ្យដកតំណែងលោក ស្រេថា ថាវីស៊ីន ជុំវិញការតែងតាំងលោក Pichit Chuenban ជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី។ ដោយក្នុងនោះចៅក្រមបានប្រាប់លោក ស្រេថា សូមឲ្យផ្តល់ការពន្យល់ក្នុងរយៈពេល ១៥ ថ្ងៃ គឺធ្វើយ៉ាងណាដើម្បីឲ្យ តុលាការមានសិទ្ធសម្រេចចិត្តក្នុងការមិនព្យួរឈ្មោះរបស់លោក ខណៈដែលបច្ចុប្បន្នលោក គឺជានាយករដ្ឋមន្ត្រីនោះ។