អាជ្ញាធររូបិយវត្ថុរបស់ប្រទេសវៀតណាមបានរំលឹកឡើងវិញនូវផែនការរបស់ខ្លួន ក្នុងការបន្តលក់ប្រាក់ដុល្លារទៅឱ្យធនាគារធំៗមួយចំនួន ដើម្បីជាមធ្យោបាយនៃការធ្វើអន្តរាគមន៍នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ពោលគឺធ្វើយ៉ាងណាដើម្បីគាំទ្រដល់រូបិយប័ណ្ណក្នុងស្រុកដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុត។
ធនាគាររដ្ឋវៀតណាមបាននិយាយថា ខ្លួននឹងគ្រប់គ្រងអត្រាប្តូរប្រាក់ដោយភាពបត់បែន និងស្របតាមការអភិវឌ្ឍន៍នៃទីផ្សារដោយធ្វើតាមរយៈឧបករណ៍គោលនយោបាយរូបិយវត្ថុ ក៏ដូចជាការលក់ប្រាក់ដុល្លារជាដើម នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់និយតកររបស់ប្រទេសវៀតណាម។
ប្រាក់ដុងរបស់វៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ 25,470 ដុងក្នុងមួយដុល្លារកាលពីដើមសប្តាហ៍នេះ ហើយការធ្លាក់នេះគឺមានតម្លៃស្មើរនឹងជិត 5% ទៅហើយសម្រាប់ឆ្នាំ 2024។ ប្រាក់ដុងនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ បើទោះបីជាធនាគារកណ្តាលកាលពីខែមុនបានលក់ប្រាក់ដុល្លារក្នុង “តម្លៃអន្តរាគមន៍” គឺ 25,450 ដុងក្នុងមួយដុល្លាររួចក៏ដោយ។
បច្ចុប្បន្នខាងនិយតកររបស់ប្រទេសវៀតណាមបានព្យាយាមបង្កើនអត្រាការទិញបញ្ច្រាសរហូតដល់ 4.5% នៅសប្តាហ៍នេះ ដោយផ្តល់នូវការដំឡើងពិន្ទុប្រចាំត្រីមាសទីពីររបស់ខ្លួននៅក្នុងខែមុននៅក្នុងការផ្លាស់ប្តូរដែលត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានស្ថិរភាពប្រាក់ដុង។
បើយោងតាមការរៀបរាប់ពីធនាគារកណ្តាលបាននិយាយថា ទីផ្សារប្តូរប្រាក់បរទេសបានស្ថិតនៅក្រោមសម្ពាធពី “ការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន” នៅទូទាំងពិភពលោក រួមផ្សំជាមួយនឹងបញ្ហាប្រឈម និងការលំបាកផ្សេងៗទៀតដែលមាននៅក្នុងស្រុក។ តែបើទោះជាយ៉ាងនេះក្តី ធនាគារកណ្តាលនៅតែសង្ឃឹមថា ប្រាក់ដុងនឹងមានតម្លៃឡើងមកវិញ ហើយការកើនឡើងនោះគឺដោយសារតែការងើបឡើងវិញនៃការនាំចេញរបស់ប្រទេសខ្លួន។