ប្រទេសជប៉ុនមានគម្រោងចង់បង្កើតផែនទីព្យាករណ៍ទឹកជំនន់ដែលអាចកើតឡើងភ្លាមៗនៅក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី កម្ពុជា និងវៀតណាម គឺដើម្បីជួយកាត់បន្ថយការខូចខាតនានា ដែលបណ្តាលមកពីគ្រោះមហន្តរាយទាក់ទងនឹងទឹកជំនន់ដោយសារទឹកភ្លៀង ឬបាតុភូតផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ នេះបើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តន៍កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៤។
ចំពោះផែនការដែលជប៉ុនគ្រោងនឹងជួយដល់ប្រទេសកម្ពុជា និងវៀតណាមផងដែរនោះ វាប្រហែលជាកើតឡើងនៅពេលដែលរដ្ឋាភិបាលជប៉ុនព្យាយាមធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសកំពុងតែអភិវឌ្ឍនដែលត្រូវបានគេហៅថាជាសកលខាងត្បូង ពោលគឺស្របពេលលមានការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
យ៉ាងណាមិញ សម្រាប់រដ្ឋាភិបាលរបស់ប្រទេសជប៉ុនបានសង្ឃឹមថា ការផ្តល់នូវសញ្ញា ឬផែនទីនៃទីតាំងដល់តំបន់ប្រទេសដែលរងគ្រោះដោយទឹកជំនន់ ពួកគេអាចនឹងចាប់ផ្តើមនៅខែមេសាឆ្នាំ 2025 ដោយជាការរៀបចំឡើងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុន។
ខាងមន្ត្រីរបស់ជប៉ុនបាននិយាយថា ការព្យាករណ៍ទឹកជំនន់នឹងផ្អែកលើតំបន់តែមួយដែលក្រសួងកំណត់ថាមានសារៈសំខាន់សម្រាប់សកម្មភាពអាជីវកម្មសម្រាប់ប្រទេសនីមួយៗតែប៉ុណ្ណោះ។ ក្រុមមន្ត្រីបាននិយាយបន្តទៀតថា ប្រទេសទាំងបួនត្រូវបានគេមើលឃើញថា ពួកគេគឺមានសារៈសំខាន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ប្រទេសជប៉ុន ដូច្នេះរដ្ឋាភិបាលសង្ឃឹមថា ក្រុមហ៊ុនក្នុងស្រុកដែលមានបំណងបង្កើតផ្លូវចូលទៅក្នុងទីផ្សារនឹងប្រើប្រាស់ផែនទីព្យាករណ៍ក្នុងការសម្រេចចិត្តថា តើត្រូវបង្កើតមូលដ្ឋានរបស់ពួកគេនៅឯណា។
គួរបញ្ជាក់ថា នៅពេលអនាគត ប្រទេសជប៉ុនគ្រោងនឹងផ្តល់អ្នកជំនាញដើម្បីជួយប្រទេសទាំងបួនក្នុងការបង្កើតផែនទីព្យាករណ៍ទឹកជំនន់របស់ពួកគេ និងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីក្នុងតំបន់ថែមទៀតផង។