ក្រុមហ៊ុន Boeing និងក្រុមហ៊ុនបុត្រសម្ព័ន្ធស្រាវជ្រាវ Aurora Flight Sciences បានដាក់បង្ហាញនូវយន្តហោះល្បឿនលឿនមួយប្រភេទ ដែលមានឈ្មោះថា X ។ ហើយយន្តហោះមួយនេះផងដែរ គឺត្រូវបានគេផលិតឡើងសម្រាប់ជាជំនួយក្នុងការធ្វើសង្គ្រាមថែមទៀតផង។
បើយោងតាមរយៈអ្នកនាំពាក្យរបស់ Aurora បាននិយាយប្រាប់ Newsweek ថា យន្តហោះ X គឺត្រូវបានក្រុមអ្នកជំនាញរបស់ខ្លួនធ្វើឡើង ដោយមានការរួមបញ្ចូលនូវភាពរហ័សរហួន ដែលបានមកពីយន្តហោះ Vertical Take-Off and Landing (VTOL) ព្រមទាំងបានបូករួមជាមួយនឹងល្បឿនដែលបានមកពីយន្តហោះ 747 ថែមទៀតនោះ វាបានធ្វើឲ្យយន្តហោះស៊េរីថ្មីមួយនេះ មានល្បឿនលឿនរហ័រសដូចជានៅក្នុងហ្គេមដូច្នោះដែរ ។
បើយោងតាមរយៈការរៀបរាប់ពីក្រុមវិស្វ័ករដោយផ្ទាល់បានបន្តឲ្យដឹងទៀតថា នៅក្នុងគំនិត X-plane របស់យើងគឺពួកគេធ្វើឡើងសម្រាប់កម្មវិធី DARPA SPRINT ព្រោះក្នុងនោះពួកយើងមានគោលបំណងដើម្បីបង្ហាញពីបច្ចេកវិទ្យាដែលនឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរនៃការហោះហើរ ក៏ដូចជាសមត្ថភាពក្នុងការហោះឡើង និងចុះចតក្នុងបរិយាកាស ដោយមិនមានការស្ទាក់ស្ទើរនោះឡើយ។
យ៉ាងណាមិញ ចំពោះយន្តហោះX ខាងលើនេះ នឹងមិនត្រូវបានប្រើប្រាស់ក្នុងវិស័យទេសចរណ៍នោះទេ ក៏ប៉ុន្តែពួកគេនិងប្រើវាយកមកជំនួសនូវការសាកល្បងបច្ចេកវិទ្យាសម្រាប់យន្តហោះយោធា ជារួមគឺប្រើប្រាស់សម្រាប់បេសកកម្មរបស់កងកម្លាំងពិសេសតែប៉ុណ្ណោះ។ ម្យ៉ាងទៀតគោលបំណងក្នុងការផលិតយន្តហោះ X ខាងអ្នកនាំពាក្យរបស់ Aurora បានបញ្ជាក់បន្ថែមថា គឺយើងធ្វើឡើងដើម្បីកែលម្អ ល្បឿនយន្តហោះ និងសមត្ថភាពរបស់យន្តហោះក្នុងការហោះ ឬរត់នៅលើផ្លូវមិនធម្មតា ពោលគឺវាជាយន្តហោះដែលមានលក្ខណៈពិសេសលើសពីយន្តហោះធម្មតា ដែលជាទូទៅគឺមិនទាន់មានក្រុមហ៊ុនផលិតយន្តហោះទេសចរណ៍ណាមួយអាចធ្វើនោះទេ។
Aurora បានបន្ថែមថា រាល់បច្ចេកវិទ្យាខាងលើនេះនឹងអនុញ្ញាតឱ្យយន្តហោះរបស់យើង ជិះក្នុងល្បឿនពីចន្លោះ 400 ទៅ 450 knots (460 ទៅ 518 ម៉ាយក្នុងមួយម៉ោង) នៅរយៈកម្ពស់ដែលពាក់ព័ន្ធ ហោះក្នុងបរិយាកាសតឹងតែង និងចុះចតក្នុងកន្លែងតូចចង្អៀតបានយ៉ាងល្អឥតខ្ចោះ។
គួរបញ្ជាក់ថា យន្តហោះ X គឺត្រូវបានគេស្ថាបនាឡើងជាមួយនឹងផ្ទៃខាងក្រៅនៃយន្តហោះគឺមានលក្ខណៈក្រាសនិងរលោង ហើយតួខ្លួនរបស់វាវិញគឺត្រូវបានគេយកទៅលាយបញ្ចូលគ្នាជាមួយនឹងស្លាដែលបទាបបំផុតថែមទៀតផង។ យន្តហោះ X ត្រូវបានគេរចនាឡើងជាមួយនឹងកង្ហារបីនៅក្នុងស្លាបតែមួយ គឺដើម្បីជួយដល់ការហោះហើរបញ្ឈរ បូករួមទាំងការបំពាក់ជាមួយនឹងគម្របរួមបញ្ចូលគ្នា ដែលធានាបាននូវការផ្លាស់ប្តូរល្បឿនមួយយ៉ាងរលូនពោលគឺអាចប្តូរពីការហោះហើរបញ្ឈរទៅផ្ដេកដោយគ្មានបញ្ហា។
យន្តហោះ X គឺមានសមត្ថភាពក្នុងការហោះឡើង និងចុះចតក្នុងរយៈខ្លី ក៏ដូចជាការហោះឡើងធម្មតា ហើយជាពិសេសគឺវាអាចផ្ទុកទម្ងន់បានរហូតដល់ 2 267 គីឡូក្រាម (5,000 ផោន) និងធ្វើដំណើរបានដល់ទៅ 833.4 គីឡូម៉ែត្រក្នុងមួយម៉ោង។
យើងខ្ញុំសូមរំឮកថា យន្តហោះ X-plane ថ្មីនេះ ត្រូវបានកំណត់ឱ្យសាកល្បងហោះហើរ ក្នុងល្បឿនមួយដែលបានកំណត់អស់ជាច្រើនលើក គឺដើម្បីកាត់បន្ថយហានិភ័យនាពេលអនុវត្តន៍ជាក់ស្តែង ដោយក្នុងនោះខាងក្រុមហ៊ុនបានតម្រូវឲ្យនាវិករបស់ខ្លួន ធ្វើតេស្តនាពេលខាងមុខនេះយ៉ាងតិច្ច ក៏ 12 ទៅ 36 ខែផងដែរ។