ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងតែមាភាពលេចធ្លោលើវិស័យហោះហើរ តែទន្ទឹមនឹងនោះក្រុមហ៊ុនផលិតយន្តហោះ Boeing បែរជាមានភាពរអាក់រអួលក្នុងផ្គត់ផ្គង់យន្តហោះស៊េរីថ្មីរបស់ខ្លួនទៅឲ្យក្រុមហ៊ុនមួយនេះទៅវិញ នេះបើយោងតាមការចុះផ្សាយពី AGBI កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។
បើយោងតាមការរាយការណ៍ពីសារព័ត៌មាន Reuters បានធ្វើការដកស្រង់សម្តីប្រធានក្រុមហ៊ុន Emirates លោក Tim Clark ថា ក្រុមហ៊ុនផលិតយន្តហោះ Boeing ហាក់ដូចជាមិនមានភាពយកចិត្តទុកដាក់ទៅលើពេលវេលាណាមួយឲ្យច្បាស់លាស់សម្រាប់ការចែកចាយយន្តហោះ 777X ថ្មីរបស់ខ្លួននោះទេ។
លោកបាននិយាយបន្តទៀតថា ក្រុមហ៊ុនBoeing គួរតែព្យាយាមដោះស្រាយរាល់បញ្ហារប្រឈមឲ្យបានសមស្របនិង ទាន់ចិត្តអ្នកប្រើប្រាស់ជាចម្បង។
គួរបញ្ជាក់ថា ទម្រាំតែក្រុមហ៊ុនអាកាសចរណ៍ Emirates បានក្លាយខ្លួនទៅជាក្រុមហ៊ុនអាកាសចរណ៍ដែលធំជាងគេបំផុតនៅ មជ្ឈិមបូពា ក្រុមហ៊ុនមួយនេះបានចំណាយពេលវេលា និងថ្លៃដើមមិនតិចនោះទេ។ ម្យ៉ាងទៀត ដើម្បីបន្តជាទំនុកចិត្តដល់អ្នកប្រើប្រាស់ ក្រុមហ៊ុនអាកាសចរណ៍ Emirates កាលពីប៉ុន្មានឆ្នាំមុននេះ បានធ្វើការបញ្ជាទិញយន្តហោះថ្មីៗរហូតដល់ទៅ 205 គ្រឿងឯណោះ ហើយរាល់យន្តហោះនីមួយៗគឺសុទ្ធសឹងតែជាយន្តហោះដែលធំបំផុតថែមទៀតផង។ ព្រោះបើយោងតាមការរៀបរាប់ពី AGBI បាននិយាយថា រាល់ការបញ្ជាទិញ វាសុទ្ធសឹងតែជាយន្តហោះស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Boeing ដោយក្នុងនោះយន្តហោះមួយគ្រឿងគឺអាចផ្ទុកអ្នកដំណើរបានរហូតដល់ទៅ ៤០០ នាក់។
គួររំលឹកថា ថ្វីត្បិតតែក្រុមហ៊ុនផលិតយន្តហោះ Boeing គឺជាក្រុមហ៊ុនដែលផលិតយន្តហោះធំជាងគេនៅក្នុងពិភពលោកក៏ដោយ តែបើយោងតាមការរាយការណ៍ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថា ក្រុមហ៊ុន Boeing ត្រូវតែធ្វើ “ការកែលម្អចំនុចខ្វះខាតរបស់ខ្លួនឲ្យបានឆាប់រហ័សបំផុត ហើយជាពិសេសគឺការដោះស្រាយបញ្ហាជាច្រើនដែលបានកើតឡើងនាពេលកន្លងមក តួរយ៉ាងដូចជា បន្ទាប់ពីបន្ទះមួយបានផ្ទុះចេញពីយន្តហោះ Boeing 737 Max 9 ដែលត្រូវបានគេជឿថា គឺបណ្តាលមកពីការបាត់ប៊ូឡុងជាដើម។
ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ក្រុមផលិតយន្តហោះ Boeing គឺនៅតែជាក្រុមហ៊ុនជាទីទុកចិត្តរបស់ក្រុមហ៊ុន Emirates ។ ព្រោះបើយោងតាមប្រភពខាងលើដដែលបានឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ 2023 ក្រុមហ៊ុន Emirates បានប្រកាស ការបញ្ជាទិញ 52 ពាន់លានដុល្លារសម្រាប់យន្តហោះ 777X ថ្មីចំនួន 90 គ្រឿងបន្ថែមទៀត។ ហើយការបញ្ជាទិញនេះ គឺត្រូវបានរួមបញ្ចូលដោយយន្តហោះ Boeing 777-9 ប្រហែលជា ៥៥ គ្រឿង ផ្សេងទៀត ដែលនឹងត្រូវដឹកជញ្ជូនមកឌូបៃនៅឆ្នាំ 2025 ហើយចំណែកឯយន្តហោះ 35 777-8s នឹងដឹកជញ្ជូននៅឆ្នាំ 2030 ។ យ៉ាងណាមិញភាពរអាក់រអួលនៃក្រុមហ៊ុន Boeing និង Airbus វាហាក់ដូចជាមិនមែនជាបញ្ហាចោទសម្រាប់ក្រុមហ៊ុនអាកាសចរណ៍មួយនេះឡើយ។ ថ្វីត្បិតតែក្រុមហ៊ុនផលិតយន្តហោះដែលធំជាងគេបំផុតនៅក្នុងពិភពលោកមួយនេះ មានរឿងអាស្រូវជាហូហែរក៏ពិតមែន ប៉ុន្តែចំពោះក្រុមហ៊ុន Emirates នៅតែប្រកាសពីគម្រោងរបស់ខ្លួនថា ក្រុមហ៊ុននឹងបញ្ជាទិញយន្តហោះជិត 200 គ្រឿងបន្ថែមទៀត ដោយពួកគេបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ក្នុងចំណោមយន្តហោះថ្មីៗទាំងនោះ គឺមានតែយន្តហោះ Airbus A350s និង Boeing 777X ស៊េរីថ្មីតែប៉ុណ្ណោះ ។