តាមរយៈទីក្រុងប៉េកាំង កាលពីថ្ងៃទី 6 ខែមិថុនា ឆ្នាំ ២០២៤ បានឲ្យដឹងថា ក្នុងកំឡុងពេលនៃពិធីរំលឹកខួបលើកទី 5 នៃការចេញអាជ្ញាប័ណ្ណ 5G វាត្រូវបានគេចាត់ទុកថា វាគឺជាជំហ៊ានដំបូងនៃការអភិវឌ្ឍខាងផ្នែកណាណិជ្ជកម្មនៅក្នុងប្រទេសចិន។
បើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ បានលើកឡើងថា សព្វថ្ងៃនេះ ចំពោះស្ថានីយ៍មូលដ្ឋាន 5G នៅក្នុងប្រទេសចិន គឺបានចំណាយដើម្បីទុនមិនតិចជាង 3.7 លាននោះឡើយ ពោលគឺដើម្បីការដំឡើងកម្មវិធីមួយនេះឲ្យកាន់តែទូលំទូលាយទូទាំងប្រទេសតែម្តង។
គួរបញ្ជាក់ថា កម្មវិធី 5G ខ្នាតធំនៅក្នុងប្រទេសចិននាឆ្នាំ២០២៤នេះ គឺគេបានរៀបចំឡើងដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍កាន់តែខ្ពស់ដល់មហាជនទូទៅ និងអាជីវកម្មឲ្យកាន់តែមានភាពងាយស្រួលជាងមុន។
យើងខ្ញុំសូមរំឮកថា កាលពីខែមេសា ឆ្នាំ 2020 ក្រុមហ៊ុន China Mobile ធ្លាប់បានបង្កើតស្ថានីយ៍មូលដ្ឋាន 5G មួយដែលមានរយៈកម្ពស់ប្រមាណ 6,500 ម៉ែត្រ នៅលើភ្នំ Qomolangma ដែលជាស្ថានីយ៍មូលដ្ឋាន 5G កម្ពស់ខ្ពស់បំផុតនៅលើពិភពលោកថែមទៀតផង។
បន្ទាប់មកនៅក្នុងខែមិថុនា ឆ្នាំ 2020 ប្រទេសចិនក៏បានបញ្ចប់ការសាងសង់បណ្តាញ 5G ក្រោមដីដំបូងគេរបស់ខ្លួននៅក្នុងខេត្ត Shanxi ដោយបានបង្កើតកំណត់ត្រាជាបណ្តាញ 5G ក្រោមដីដ៏ជ្រៅបំផុតនៅលើពិភពលោកផងដែរ។
បើយើងគិតមកទល់នឹងពេលនេះវិញ សម្រាប់កម្មវិធី 5G វាត្រូវបានគេបញ្ចូលទៅក្នុងប្រភេទសេដ្ឋកិច្ចសំខាន់ៗចំនួន 71 ក្នុងចំណោម 97 ប្រភេទនៅក្នុងប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះគម្រោងពាណិជ្ជកម្ម 5G ច្រើនគឺមានជាង 94,000 កន្លែងទៅទៀតដែលគេត្រៀមនឹងចាប់ផ្តើម។
គួរបញ្ជាក់សារជាថ្មីថា ប្រទេសចិនវាគឺជាប្រទេសមួយដែលមានចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័ត 5G រហូតដល់ទៅជាង 800 លាននាក់ទៅទៀតនាពេលបច្ចុប្បន្ន ពោលគឺមានមានចំនួនស្មើនឹងជាង 52 ភាគរយនៃចំនួនសរុបទូទាំងពិភពលោកឯណោះ។
តែបើទោះជាយ៉ាងនេះក្តី ដើម្បីបំពេញបាននូវតម្រូវការដល់អ្នកប្រើប្រាស់ ប្រទេសចិនគឺនៅតែមានបំណងសាងសង់រោងចក្រ 5G ចំនួន 10,000 កន្លែងបន្ថែមទៀតក្នុងអំឡុងពេលផែនការប្រាំឆ្នាំទី 14 (2021-2025) ។
កាលពីពីខែមីនា ឆ្នាំ 2024 ក្រុមហ៊ុន China Mobile បានបើកដំណើរការបណ្តាញ 5G-A ពាណិជ្ជកម្មដំបូងបង្អស់របស់ពិភពលោកនៅទីក្រុង Hangzhou រដ្ឋធានីនៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ជាមួយនឹងផែនការពង្រីកទៅកាន់ទីក្រុងជាង 300 នៅទូទាំងប្រទេសចិនមុនដំណាច់ឆ្នាំ។ យ៉ាងណាមិញ សម្រាប់ផែនការ 5G-A វាគឺជាជំហានដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរពី 5G ទៅ 6G ដែលត្រូវបានមើលដោយអ្នកវិភាគជាច្រើនថាជាបុព្វហេតុនៃបច្ចេកវិទ្យា 6G នាពេលអនាគតរបស់ប្រទេសចិន។ បើយោងតាមអ្នកជំនាញជាច្រើនបានលើកឡើងថា ខណៈពេលដែលបញ្ហាប្រឈមនៅតែបន្តកើតមាននៅក្នុងការវិវត្តន៍ពី 5G ទៅ 6G នោះរាល់របកគំហើញបច្ចេកវិជ្ជា និងការច្នៃប្រឌិតកម្មវិធីនីមួយៗនឹងដោះសោលទ្ធភាពថ្មីៗសម្រាប់ឧស្សាហកម្មនាពេលអនាគត និងលើកកំពស់ការរំពឹងទុកនៃការរស់នៅដ៏ឆ្លាតវៃរបស់មនុស្ស។