ប្រទេសចិនបានសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យមួយកន្លែង ដែលត្រូវបានគេចាត់ទុកថាវាមានទំហំធំជាងគេបំផុតនៅក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានស៊ិនហួរ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៤។
បដិវត្តនៃថាមពលបៃតងនាពេលនេះគឺកំពុងតែរីកដុះដាលពាសពេញសាកល ដោយក្នុងនោះយើងសង្កេតឃើញថារាល់ការអភិវឌ្ឍគឺតែងតែមានវត្តមានរបស់ប្រទេសចិនជានិច្ច។ ខណៈពេលដែលរាជរដ្ឋាភិបាលចិនបានគិតគូរយ៉ាងម៉តចត់លើការអភិរក្សអេកូឡូស៊ី ក៏ដូចជាការចូលរួមចំនែកនៃការកាត់បន្ថយភាពក្រីក្រ ប្រធានាធិបតីចិន លោក ស៊ី ជិនពីងក៏បានប្រកាសឲ្យមានការសាងសង់ រោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតមួយកន្លែង គឺនៅលើខ្ពង់រាប Qinghai-Xizang កាលចុងខែឧសភានេះ។ យ៉ាងណាមិញ បើយោងតាមប្រភពខាងលើបានឲ្យដឹងទៀតថា គម្រោងខាងលើនេះគឺវាស្ថិតនៅក្រោមការដឹកនាំនិងត្រួតពិនិត្យដោយក្រុមហ៊ុន Huanghe Hydropower Development Co., Ltd ទីបេ ក្នុងខេត្ត Qinghai ភាគពាយ័ព្យនៃប្រទេសចិន។
គួរបញ្ជាក់ថា ចំពោះឧបករណ៍ និងសម្ភារៈដែលប្រើប្រាស់សម្រាប់រោងចក្រថាមពលបៃតងខាងលើ វាត្រូវបានក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Huanghe Hydropower Development Co., Ltd លោក Yehdor បាននិយាយប្រាប់ព័ត៌មានស៊ិនហួរថា ក្រុមការងាររបស់ខ្លួននិងមិនប្រើបន្ទះ photovoltaic ពន្លឺព្រះអាទិត្យ ឬអ្វីដែលគេហៅថា “កញ្ចក់ពណ៌ខៀវ” នោះឡើយ។
អ្នកជំនាញរូបនោះបាននិយាយបន្តថា លោកនិងប្រើបន្ទះក្តារមួយប្រភេទ ដែលអមជាមួយនឹងតង់តែប៉ុណ្ណោះ។ លោកបាននិយាយបន្តទៀតថា ចំពោះការតំឡើងបន្ទះនៅខាងក្រៅតង់ គឺយើងមានគោលបំណងឲ្យវាធ្វើប្រតិបត្តិនៅពេលថ្ងៃ គឺដើម្បីបង្កើតចរន្តអគ្គិសនីគ្រប់គ្រាន់សម្រាប់បំភ្លឺភ្លើង និងឧបករណ៍តូចៗផ្សេងទៀតពេញមួយយប់តែម្តង”។
លោក Yehdor បានបន្ថែមថា បើទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីសិក្សាយ៉ាងល្អិតល្អន់កន្លងមក ពួកយើងបានដឹងថា គ្មានឧបករណ៍ណាមួយដែលអាចប្រៀបធៀបទៅនឹងបន្ទះមួយនេះឡើយ។ សម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យដែលយើងបានជ្រើសរើស គឺវាបានរៀបចំឡើងដោយមានការឆ្លងកាត់ផ្ទៃដីវាលខ្សាច់ចំនួន 4,000 ហិចតា រួចហើយវាក៏បញ្ចេញពន្លឺដូចសមុទ្រពណ៌ខៀវស្រង៉ាត់ដោយស្ថិតនៅក្រោមព្រះអាទិត្យ។
គួររំលឹកថា កាលពីឆ្នាំ 2012 ខេត្ត Qinghai គឺធ្លាប់បានផ្តួចផ្តើមសាងសង់មូលដ្ឋានថាមពលពន្លឺព្រះអាទិត្យថ្នាក់មួយដែលមានថាមពល 10 លានគីឡូវ៉ាត់ម្តងរួចទៅហើយ។ ហេតុដូច្នេះទើបសព្វថ្ងៃនេះ ខេត្ត Qinghai មានរោងចក្រថាមពលបៃតងរហូតដល់ទៅ 609 គីឡូម៉ែត្រការ៉េ ដែលធ្វើឲ្យរដ្ឋាភិបាលចិនបានចាត់ទុកខេត្តមួយនេះថា វាជាមូលដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏សំខាន់របស់ចិន ព្រោះបើជាមធ្យមរោងចក្រមួយនេះអាចផលិតថាមពលមិនក្រោម 8,430 មេហ្គាវ៉ាត់ នោះឡើយ។ បើយោងតាមរៀបរាប់ពីលោក Qeyang អនុប្រធានគណៈកម្មាធិការគ្រប់គ្រងនៃឧទ្យានឧស្សាហកម្មថាមពលបៃតងខេត្ត Hainan បានប្រកាសទៀតថា រោងចក្រថាមពលរបស់ខ្លួនគឺជារោងចក្របៃតងដែលធំជាងគេបំផុតនៅលើពិភពលោកថែមទៀតផង ។
បច្ចុប្បន្ន ប្រសិនបើយើងនិយាយពីសមត្ថភាពផលិតថាមពលសរុបដែលបានដំឡើងនៅក្នុងទីក្រុង Qinghai គឺមានការកើនឡើងរហូតដល់ទៅ 54,970,800 គីឡូវ៉ាត់ឯណោះ ដោយក្នុងនោះគឺមានថាមពលស្អាតមានចំនួន 51,079,400 គីឡូវ៉ាត់ ឬ 93 ភាគរយនៃចំនួនសរុប។
នៅលើផ្ទៃដីដ៏ធំល្វឹងល្វើយរបស់រោងចក្រថាមពលបៃតង គឺវាហ៊ំព័ទ្ធទៅដោយស្មៅដ៏ខៀវស្រង៉ាត់ យ៉ាងណាមិញការចូលរួមចំណែកនៃការកាត់បន្ថភាពក្រីក្រ គឺបានកើតឡើងនៅពេលដែល ប្រជាជននៅក្នុងតំបន់ខាងលើ អាចចិញ្ចឹងសត្វពាហនៈ ដោយគ្មានការព្រួយបារម្មណ៍។
បើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Huanghe Hydropower Development Co., Ltd បាននិយាយថា ដើម្បីជាកិច្ចខិតខំប្រឹងប្រែងក្នុងការជៀសវាងការចំណាយលើការបាញ់ថ្នាំស្មៅ និងការកាត់ស្មៅ ខាងក្រុមហ៊ុនសូមគាំទ្រឲ្យប្រជាពលរដ្ឋច្រូតស្មៅនៅក្នុបបរិវេនរោងចក្ររបស់ខ្លួនដោយឥតគិតថ្លៃ ហេតុដូច្នេះហើយទើបរាល់អ្នកកាត់ស្មៅសម្រាប់ចិញ្ចឹមចៀម អាចដើរហើរជុំវិញកសិដ្ឋានដោយសេរី។