អគ្គិភ័យដ៏ធំមួយបានឆាបឆេះរោងចក្រផលិតអាគុយលីចូមមួយកន្លែងនៃប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឲ្យមានមនុស្សជាច្រើននាក់បានបាត់បង់ជីវិត។
ហេតុការខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ គឺនៅឯរោងចក្រ Aricell ក្នុងទីក្រុង Hwaseong ដែលមានចម្ងាយប្រហែល 45 គីឡូម៉ែត្រ (28 ម៉ាយ) ពីភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។
បើយោងតាមវីដេអូមួយដែលបានចុះផ្សាយដោយ BBC កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំពោះការផ្ទុះភ្លើងតូចៗ វាក៏បានរលត់ទៅវិញ ខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យព្យាយាមពន្លត់។
អ្នករាយការណ៍ផ្ទាល់របស់ BBC បានឲ្យដឹងទៀតថា ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសឈានមុខគេក្នុងការផលិតអាគុយលីចូម ដែលគេផលិតឡើងដើម្បីប្រើប្រាស់ជាមួយនឹងនឹងរថយន្តអគ្គិសនីនិងកុំព្យូទ័រយួរដៃជាដើម ហេតុដូច្នេះហើយចំពោះហេតុការណ៍បែបនេះវាអាចនឹងកើតមានឡើងជាញឹកញាប់។
ប្រភពដដែលបានឲ្យដឹងទៀតថា យ៉ាងណាមិញចំពោះគ្រោះអគ្គីភ័យលើកនេះ វាបានធ្វើឲ្យមានមនុស្សយ៉ាងហោចណាស់មនុស្ស 16 នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យ ដោយក្នុងនោះខាងទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ធ្វើការដកស្រង់សម្តីពីមន្ត្រីពន្លត់អគ្គីភ័យថា ចំនួនអ្នកស្លាប់ចុងក្រោយអាចទំនងជាខ្ពស់ជាងពេលនេះថែមទៀតផង ព្រោះបន្ទាប់ពីការរៀបរាប់មក ខាងទីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា Yonhap បាននិយាយថា សាកសពប្រហែល ២០ នាក់គឺត្រូវបានក្រុមសង្គ្រោះរកឃើញ។
គួរបញ្ជាក់ថា រោងចក្រ Aricell បានដាក់កោសិកាថ្មប្រមាណ 35,000 នៅជាន់ទី 2 ដែលជាកន្លែងសម្រាប់ត្រួតពិនិត្យថ្មនិងវេចខ្ចប់ជាដើម។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ចំពោះមូលហេតុនៃការឆេះនេះ យើងក៏មិនទាន់ដឹងនៅឡើយនោះដែរ។
បើយោងតាមក្រុមមន្ត្រីបាននិយាយថា សាក្សីបានឃើញផ្ទាល់ភ្នែកបានឮសំឡេងផ្ទុះជាបន្តបន្ទាប់នៅជាន់ទី 2 នៅជុំវិញពេលដែលភ្លើងបានឆាបឆេះ។ នៅពេលនោះគឺមានកម្មករប្រមាណ១០០នាក់កំពុងតែនៅទីនោះ។
សាក្សីបានបន្ថែមថា ការផ្ទុះគឺបានកើតឡើងជាបន្តបន្ទាប់ដោយសារតែសារធាតុដែលផ្ទុកនៅក្នុងថ្មទាំងនោះ ហើយវាក៏អាចជាមូលហេតុនាំឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៃអគ្គីភ័យមួយនេះផងដែរ។ តែបើទោះជាយ៉ាងណាក៏ដោយ មិនខ្វល់ថាមូលហេតុពិតប្រាកដវាយ៉ាងណានោះទេ ជាក់ស្តែងខាងសមត្ថកិច្ចត្រូវតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីជួយជីវិតប្រជាជន។