នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford លោក Jim Farley បាននិយាយពីថ្ងៃសុក្រថា ក្រុមហ៊ុនរបស់លោកនិងដាក់បង្ហាញនូវរថយន្តអគ្គិសនីមួយប្រភេទដែលមានតម្លៃប្រមាណជា $30,000 ហើយចំពោះផែនការមួយនេះផងដែរ វាប្រហែលជាត្រូវចំណាយពេលវេលាប្រហែលជា 2 ឆ្នាំកន្លះ។
បើទោះបីជាលោក Farley បានប្រកាសនូវគម្រោងខាងលើនេះជាសាធារណៈក៏ពិមែន ប៉ុន្តែលោកក៏មិនបានបញ្ចេញពីព័ត៌មានលម្អិតជាក់លាក់ណាមួយនោះឡើយ។ ហើយបើយោងទៅតាមពាក្យចចាមរ៉ាមជាច្រើនដែលត្រូវបានក្រុមងាររបស់ cnbc ទទួលបានវិញនោះបានឲ្យដឹងថា ចំពោះរថយន្តអគ្គិសនីជំនាន់ថ្មី ដែលខាងក្រុមហ៊ុន Ford ត្រៀមផលិតនោះ គឺវានឹងត្រូវបង្កើតឡើងដោយក្រុមជំនាញរបស់ខ្លួនមួយដែលមានឈ្មោះថា “skunkworks” ហើយការត្រៀមខ្លួននេះផងដែរ វាត្រូវបានក្រុមអ្នកវិភាគជាច្រើនបានទស្សទាយថា ក្រុមហ៊ុន Ford កំពុងតែចង់ប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន BYD និង Tesla ជាដើម ។
យ៉ាងណាមិញ បើយោងទៅតាមការថ្លែងលោក Farley ទៅកាន់អតិថិជន Ford វិញនោះលោកបានបង្ហាញថា គម្រោងដំបូងរបស់ក្រុមហ៊ុន គឺក្រុមការងាររបស់លោកនឹងចាប់ផ្តើមធ្វើការផលិតរថយន្តអគ្គិសនី EV តូចៗ ជាមុនសិន ដែលមានដូចជារថយន្តដឹកទំនិញអគ្គិសនី និងរថយន្ត SUV តែប៉ុណ្ណោះ។
លោកបាននិយាយបន្តទៀតថា ក្រុមហ៊ុនមួយដែលគួរជាទីទុកចិត្តសម្រាប់អតិថិជនបាន លុះត្រាតែក្រុមហ៊ុននោះអាចផ្តល់ជូនដល់អ្នកប្រើប្រាស់លើសពីការរំពឹងទុក។ ការបន្ថែមនូវផលិតផលថ្មី ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ វាគួរតែជាអ្វីដែលយើងត្រូវតែធ្វើ។ នៅបរិបថនៃសង្គមរមែងតែមានការផ្លាស់ប្តូរ តែទន្ទឹមនឹងនោះយើងអាចធ្វើការបន្ថែមឬក៏ផ្លាស់ប្តូរទៅបានលុះត្រាតែវាមានផលវិជ្ជមានតែប៉ុណ្ណោះ។
លោកបានបន្តទៀតថា ចំពោះហេតុផលចម្បងដែលក្រុមហ៊ុនរបស់លោកចង់ផលិតរថយន្តអគ្គិសនី គឺលោកចង់ឲ្យអ្នកប្រើប្រាស់ទាំងអស់អាចទទួលបាននូវរថយន្តអគ្គិសនីមួយដ៏ល្អ និងមានតម្លៃយ៉ាងសមរម្យយកទៅប្រើប្រាស់។
គួររំលឹកថា ក្រុមហ៊ុន Ford គឺជាក្រុមហ៊ុនផលិតឡានមួយដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ហើយចំពោះប្រាក់ចំនេញដែលក្រុមហ៊ុនខាងលើនេះ តែងតែទទួលបាននោះគឺបានមកពីការលក់ឡានដឹកទំនិញច្រើនជាងគេ។ ក្រុមអ្នកជំនាញរបស់ CNBC បានលើកឡើងទៀតថា ក្រុមហ៊ុន Ford គឺជាក្រុមហ៊ុនមួយដែលមិនសូវជាមានអំណោយផលក្នុងការលក់ជាមួយនឹងរថយន្តតូចៗប៉ុន្មាននោះទេ។
តែផ្ទុយទៅវិញនៅពេលនេះ នាយកប្រតិបត្តិរបស់ Ford បែរជាប្រកាសថា “ពួកយើងត្រូវតែចាប់ផ្តើមស្រលាញ់រថយន្តធុនតូចឡើងវិញ។ ដោយក្នុងនោះលោកបានបន្ថែមថា ការប្រើប្រាស់នូវរថយន្តអគ្គិសនី (EV) វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសង្គម គឺដើម្បីឲ្យពិភពលោកឈានទៅរកការកាត់បន្ថយ និងការលុបបំបាត់ការបំភាយឧស្ម័ន។