ប្រហែលជាជិត 20 ឆ្នាំហើយ ដែល YouTube ត្រូវបានបង្កើតឡើងដោយអតីតបុគ្គលិក PayPal ចំនួនបីនាក់ គឺលោក Chad Hurley , Steve Chen និង Jawed Karim គឺកាលពីក្នុងខែកុម្ភៈ ឆ្នាំ 2005។
ចាប់តាំងពី YouTube ត្រូវបានបង្កើតឡើង ក្រុមហ៊ុន Social Media មួយនេះផងដែរ ក៏បានក្លាយទៅប្រព័ន្ធផ្សាយសង្គមមួយដែលមានភាពលេចធ្លោជាងគេបំផុតមួយ ព្រោះថាគោលដៅរបស់អ្នកទាំងបីខាងលើនេះ តែងតែបង្កើតជាមួយនឹងមាតិកាដែលប្រកបដោយប្រសិទ្ធភាព និងជាទីចាប់អារម្មណ៍សម្រាប់អ្នកប្រាស់ជានិច្ច។
តែបើទោះជាយ៉ាងនេះក្តីក្នុងឆ្នាំ 2006 YouTube ក៏បានលក់ទៅឲ្យក្រុមហ៊ុន Google ជាមួយនឹងតម្លៃប្រមាណជា 1.65 ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយចាប់តាំងពីពេលនោះមកទើបអ្នកប្រើប្រាស់ប្រព័ន្ធសង្គមមួយនេះភាគច្រើន ពួកគេតែងតែមានគណនី Gmail ព្រោះថាក្រុមហ៊ុនទាំងពីរនេះវាគឺសុទ្ធសឹងតែបុត្រសម្ព័ន្ធ របស់ Google ។
បើយោងតាមការចុះផ្សាយពី CNBC កាលពីចុងខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងសហរដ្ឋអាមេរិកគឺមានចំនួនអ្នកដែលនិយមទស្សនា Youtube ច្រើនជាងគេ ហើយបន្ទាប់មកគឺជា Netflix Disneyនិង Warner Bros. Discovery ជាដើម។
បើយោងតាមការរៀបរាប់ពីលោក Tara Walpert Levy អនុប្រធាន YouTube ប្រចាំទ្វីបអាមេរិក បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា នៅថ្ងៃខាងមុខខ្ញុំបានសម្លឹងឃើញថា ចំនួននៃអ្នកចាប់អារម្មណ៍មកលើ YouTube និងមានកាន់តែច្រើនឡើងជាងពេលនេះទៅទៀត។ លោកបានបន្ថែមថា សព្វថ្ងៃនេះ ក្រុមហ៊ុនរបស់លោកគឺមានអ្នកចូលទៅទស្សនាច្រើនជាង 1 ពាន់លានម៉ោងនៃមាតិកា YouTube នៅលើអេក្រង់ទូរទស្សន៍ជារៀងរាល់ថ្ងៃ។លោក Tara Walpert Levy បានបន្ថែមទៀតថា ប្រសិនបើយើងនិយាយពីប្រាក់ចំណូលរបស់ក្រុមហ៊ុនដែលទទួលបានវិញ ពួកយើងមិនមែនមានតែចំណូលដែលបានមកការផ្សព្វផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ តែក្នុងនោះពួកយើងក៏មានអតិថិជនដែលជាជនជាតិអាមេរិកច្រើនជាង 150 លាននាក់ គឺពួកគេបានបង់សេវាប្រចាំខែថែមទៀតផង ។
យើងខ្ញុំសូមបញ្ជាក់ថា កាលពីក្នុងឆ្នាំ 2023 YouTube បានទទួលនូវប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មច្រើនជាង 31ពាន់លានដុល្លារទៅទៀត។ ប្រភពខាងលើដដែលបាននិយាយទៀតថា ការកើនឡើងនេះគឺមានចំនួនប្រមាណជា 8% បើធៀបទៅនឹងឆ្នាំ 2022 ឬស្មើរនឹង 271% ប្រសិនបើយើងធៀបទៅនឹងកាលពីប្រាំមួយឆ្នាំមុន។
យ៉ាងណាមិញចំពោះលទ្ធផលនៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2024 វិញ ក្រុមការងាររបស់ CNBC បានឲ្យដឹងទៀតថា ប្រាក់ចំណូលដែលបានមកពីការផ្សាយពាណិជ្ជកម្មរបស់ YouTube គឺបានកើនប្រហែលជា 21% ឬស្មើរនឹង8 ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយយើងធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ។
មានក្រុមអ្នកវិភាគជាច្រើនបានលើកឡើងថា ការកើនឡើងនៃប្រាក់ចំនេញរបស់ YouTube វាក៏ព្រោះតែវេទិកាខាងលើនេះ ជាប្រព័ន្ធផ្សព្វផ្សាយមួយដែលមិនត្រឹមតែផ្តល់ឲ្យយើងនូវភាពសម្បូរបែបនៃវីដេប៉ុណ្ណោះទេ វាក៏ជួយឲ្យអ្នកទស្សនាទាំងអស់អាចទទួលបាននូវចំណេះដឹង ជាមួយនឹងវីដេអូអប់រំផងដែរ។ You Tube បានជួយឲ្យមនុស្សជាច្រើនអាចរកប្រាក់ចំណូលបានដោយជាការធ្វើ វីដេអូខ្លីៗ បទចម្រៀង បទភ្លេង វីដេអូប្លុក និងវីដេអូផ្សេងៗជាច្រើនទៀតដែលជាប្រភេទ(Origional)។ You Tube ត្រូវបានគេចាត់ថា វាគឺជាវេទិកាសង្គមមួយ ដែលបានផ្តល់ផលចំណេញឲ្យទាំងអ្នកមើល និងអ្នកផ្សព្វផ្សាយអាជីវកម្មផងដែរ។