តាមរយៈទីក្រុងហាណយកាលពីថ្ងៃទី ០9 ខែកក្កដា ឆ្នាំ 2024 បានឲ្យដឹងថា ការនាំចេញគ្រឿងសមុទ្រនៅឆមាសទីពីរនៃឆ្នាំនេះវានឹងមានការកើនឡើងប្រមាណជា 15 ភាគរយ ឬស្មើរនឹង 5.5 ពាន់លានដុល្លារ។ ចំពោះលទ្ធផលទាំងនេះបានគូសបញ្ជាក់ឲ្យយើងឃើញថា ការនាំចេញគ្រឿងសមុទ្ររបស់ប្រទេសវៀតណាមគឺបានឈានជិតទៅដល់ 10 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
បើយោងទៅតាមការរៀបរាប់ពី ប្រធានក្រុមប្រឹក្សា សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បាននិយាយថា ការនាំចេញគ្រឿងសមុទ្ររបស់ខ្លួនគឺបានកើនឡើងប្រហែលជា 12 ភាគរយ ប្រសិនបើយើងធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2023។
យ៉ាងណាមិញ ចំពោះសមទ្ធផលដែលមានការកើនឡើងនេះ វាក៏នៅតែបង្ករជាក្តីព្រួយបារម្មណ៍របស់រដ្ឋាភិបាលរបស់ប្រទេសវៀតណាមនៅឡើយ។ ទន្ទឹមនឹងការកើនឡើងត្រឹមរយៈពេលខ្លីវាមិនមែនជាអ្វីដែលថ្នាក់ដឹកនាំរបស់ប្រទេសមួយនេះបានរំពឹងទុកនោះទេ។ ផ្ទុយទៅវិញ ចំពោះលទ្ធផលដែលសម្រេចបានក្នុងឆមាសទី 1 នៃឆ្នាំ 2024 វាគ្រាន់តែជាដំណើរការមួយដើម្បីឲ្យខ្លួនអាចសម្លឹងមើល និងស្វែងរកការលក់បន្ថែមទៀតដោយនាំយកវាទៅកាន់ទីផ្សារផ្សេងៗជាច្រើនទៀត ជាពិសេសគឺបណ្តាលប្រទេសនៅក្នុងអាស៊ី និងអាមេរិកឡាទីនជាដើម។
ដើម្បីសម្រេចបានជាយុទ្ធសាស្ត្រ ដែលថ្នាក់ដឹកនាំបានកំណត់ ក្នុងនោះខាងសារព័ត៌មានក្នុងស្រុកដែលមានឈ្មោះថា vietnamnews បានធ្វើការដកស្រង់សម្តីពីក្រុមហ៊ុននាំចេញគ្រឿងសមុទ្រធំៗមួយចំនួនថា ឥឡូវនេះគឺពួកគេកំពុងតែគិតគូយ៉ាងយកចិត្តទុកដាក់លើវត្ថុធាតុដើមនៃបង្គា និងផលិតកម្ម ដើម្បីបង្កើតផលិតផលនាំចេញដែលប្រកបដោយគុណភាព ជាមួយនឹងការប្រកួតប្រជែងខ្ពស់ និងដើម្បីបំពេញតាមស្តង់ដារដ៏តឹងរឹងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ហេតុដូច្នេះហើយ សម្រាប់គោលនយោបាយនៃការនាំចេញគ្រឿងសមុទ្រនាពេលនេះ វានិងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការជាមួយកសិករ និងសហករណ៍ តាមរយៈកិច្ចសន្យាប្រើប្រាស់ផលិតផលរបស់ពួកគេជាមួយនឹងឈ្មួញឲ្យបានច្បាស់លាស់ជាមុនសិន។
តែបើទោះជាយ៉ាងណាក៏ដោយ ការនាំចេញមួយដែលប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ក្នុងនោះវាត្រូវតែមានការចុះអន្តារគមន៍ពីក្រសួងដែលពាក់ព័ន្ធទាំងអស់ ពោលគឺធ្វើយ៉ាងណាដើម្បីផ្តល់ជាជំនួយដល់កសិករលើផ្នែកបច្ចេកទេស ការជ្រើសរើសពូជ ចំណីសត្វ វេជ្ជសាស្រ្ដ ការគ្រប់គ្រង និងការព្យាបាលជំងឺ ជាពិសេសគឺវិធីសាស្ត្រថែរក្សាវត្ថុធាតុដើមក្រោយពេលប្រមូលផល។
ខាង VASEP បាននិយាយប្រាប់ vietnamnews បន្ថែមទៀតថា ការកើនឡើងបន្តិចនៃតម្លៃនាំចេញអាហារសមុទ្រនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ វាបានបង្ហាញឲ្យពួកយើងដឹងថា ឧស្សាហកម្មមួយប្រភេទនេះវាពិតជាមានផលចំនេញច្រើន គឺបានទាំងអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកចិញ្ចឹម ឈ្មួញកណ្តាល ជាពិសេសវាបានជួយដល់វស័យសារពើពន្ធថែមទៀតផង។