អគារសិក្សាមួយខ្នង ដែលស្ថិតនៅក្នុងរដ្ឋ Plateau ភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ាបានបាក់រំលំ កាលពីព្រឹកថ្ងៃសៅរ៍ ខែកក្កដា ឆ្នាំ ២០២៤។
បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងបន្ថែមថា ចំពោះអគារសិក្សាដែលបានបាក់នោះគឺវាមានកំពស់ចំនួន ពីរជាន់ ហើយបន្ទាប់ពីការបាកគេបានរកឃើញថា ក្នុងនោះគឺមានមនុស្សស្លាប់ប្រមាណជា ២២ នាក់ និងរងរបួសធ្ងន់ប្រមាណ ១៥៤ នាក់។
ប្រភពមួយនេះបានឲ្យដឹងទៀតថា អគារសិក្សាចំនួន ពីរជាន់នេះវាគឺជាកម្មសិទ្ធិរបស់ Saint Academy ក្នុងសហគមន៍ Busa Buji នៃស្រុក Jos North ដែលបានដួលរលំក្នុងអំឡុងពេលម៉ោងសិក្សាប្រហែលម៉ោង 0730 GMT ម៉ោងក្នុងស្រុក។
បើយោងតាមការរៀបរាប់ពីមន្ត្រីរបស់ប្រទេសមួយនេះបាននិយាយប្រាប់ រ៉យទ័រថា ការដួលរលំអគារវាពិតជារឿងមួយដែលបានកើតឡើងញឹកញាប់បំផុត ជាពិសេសគឺនៅក្នុងបណ្តាលប្រទេសទាំងឡាយណាដែលមានប្រជាជនរស់នៅច្រើនក្នុងទ្វីបអាហ្រ្វិក។ មន្ត្រីរូបនោះបានបន្ថែមទៀតថា ការបាក់ស្រុតនៃអគារវាមិនមែនសុទ្ធសឹងតែបណ្តាលមកពីបាតុភូតធម្មជាតិនោះទេ ប៉ុន្តែដោយសារតែបទប្បញ្ញត្តិសុវត្ថិភាពរបស់ប្រទេសទាំងនោះគឺនូវមានភាពធូររលុងពេក ហើយជារឿយៗសម្ភារៈសំណង់ដែលគេយកមកសាងសង់នោះគឺមិនមានស្តង់ដារច្បាស់លាស់ថែមទៀតផង។