ភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានកើនឡើងប្រមាណជា 6.8% គឺបន្ទាប់ពីស្ថាបនិករបស់ក្រុមហ៊ុនមួយនេះបាននិយាយថាប្រាក់ចំណូលនៅក្នុងត្រីមាសទីពីរខ្លួនគឺបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។
Meta ដែលពិភពលោកបានស្គាល់យ៉ាងច្បាស់ថា វាគឺជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានដ៏ធំមួយរបស់អាមេរិក បានរំពឹងទុកថា សាជីវកម្មរបស់ខ្លួនដែលមានដូចជា Facebook និង Instagram នៅក្នុងត្រីមាសទីបីនេះ គឺអាចទទួលបាននូវប្រាក់ចំណូលចន្លោះពី 38.5 ពាន់លានដុល្លារទៅ 41 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ បើយោងទៅតាមអ្នកជំនាញរបស់ LSEG ពួកគេបានធ្វើការប៉ាន់ប្រមាណថា ប្រាក់ចំណូលជាមធ្យមរបស់ក្រុមហ៊ុន Meta គឺអាចនៅក្នុងចន្លោះកណ្តាលនៃការប៉ានស្មានខាងលើ ពោលគឺវាអាចមានចំនួនប្រមាណ 39.1 ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា ក្រុមហ៊ុនMeta ធ្លាប់បានប្រកាសថា ប្រាក់ចំណូលរបស់ខ្លួនគឺបានកើនឡើងប្រហែលជា 22% ឬស្មើរនឹង $39.1 ពាន់លានដុល្លារ ហើយតួរលេខនេះគឺសម្រាប់តែក្នុងរយៈពេលបីខែតែប៉ុណ្ណោះ គឺចាប់ពីខែមេសាដល់ខែមិថុនា។
តាមពិតទៅយើងអាចនិយាយបានថា ប្រាក់ចំណូលរបស់ Meta បានកើតឡើងជាថ្មី បន្ទាប់ពីក្រុមហ៊ុនយក្សមួយនេះធ្លាប់ទទួលបាននូវលទ្ធផលដ៏ខកចិត្តមួយ គឺនៅពេលដែលលោក Mark Zuckerberg បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍលើមុខងារ AI ដោយកាលនោះលោកបាននិយាយទៀតថា ការចំនាយទាំងនោះវានឹងជំរុញឲ្យមានកំណើនក្នុងរយៈពេល 2 ឆ្នាំខាងមុខ។
យ៉ាងណាមិញ បើយោងទៅតាមការវិភាគពីខាង Wall Street ពួកគេបានរំពឹងទុកថា Meta មិនអាចទាន់ទទួលបានប្រាក់ចំណេញភ្លាមៗពីការនិយោគនៅក្នុងបច្ចេកវិទ្យា AI នោះទេ ហេតុដូច្នេះហើយប្រាក់ចំណេញដែលបានមកពី AI វាមិនអាចទទួលបានត្រឹមតែរយៈពេលពីរឆ្នាំខាងមុខ ដូចការរំពឹងទុករបស់លោក Mark នោះទេ។
Wall Street បានលើកឡើងទៀតថា ប្រាក់ចំនេញដែលក្រុមហ៊ុន Meta បានបង្ហាញខាងលើ គឺវាបានមកពីការកេងចំណេញរាប់ពាន់លានដុល្លារពីមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន ពោលគឺធ្វើយ៉ាងណាដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាបនិករូបនេះ ដើម្បីសម្រេចបាននូវគោលដៅពីការទាញយកផលប្រយោជន៍ពីការរីកចម្រើន AI ជំនាន់ថ្មីនាពេលខាងមុខ។