ស្របពេលដែលតម្រូវការនៃការទិញពេជ្របានធ្លាក់ចុះទូទាំងពិភពលោក ស្រាប់តែដើមខែសីហានេះក្រុមហ៊ុនចែកចាពេជ្រដ៏ធំមួយរបស់ឥណ្ឌាបានប្រកាសថា ខ្លួនបានសម្រេចចិត្តឲ្យបុគ្គលិករបស់ខ្លួនប្រមាណជាង50,000 នាក់ឈប់សម្រាកចំនួន 10 ថ្ងៃ។
Indianexpress បានចុះផ្សាយកាលពីព្រឹកថ្ងៃទី 06 ខែសីហា ឆ្នាំ 2024 នេះថា Kiran Gems ដែលជាក្រុមផលិតពេជ្រធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក’ ហើយក៏ជាអ្នកនាំចេញពេជ្រដ៏ធំបំផុតផងដែរនោះ បានប្រកាសក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា ក្រុមហ៊ុននិងចាប់ផ្តើមវិស្សមកាលចាប់ពីថ្ងៃទី 17-27 ខែសីហា។
បើយោងតាមការសង្កេតនិងតាមដានពីយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកសារព័ត៌មាន ពួកគេបានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនផលិតពេជ្រជាច្រើននៅក្នុងពិភពលោកគឺកំពុងតែប្រឈមមុខនឹងឧបសគ្គជាច្រើន ជាពិសេសជាងគេនោះគឺបន្ទាប់ពីការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកលើត្បូងពេជ្រទាំងឡាយណាដែលមានដើមកំណើតពីប្រទេសរុស្ស៊ី។ កិច្ចព្រមព្រាងមួយដែលធ្វើឡើងដោយក្រុមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំរបស់ G-7 ពួកគេបានប្រកាសហាមប្រាមយ៉ាងមឺងម៉ាត់គឺមិនឲ្យប្រជាជនខ្លួនបញ្ជាទិញវត្ថុធាតុដើមណាមួយដែលមកពីរុស្ស៊ីជាដាច់ខាត ពោលគឺបន្ទាប់ពីការវាយលុករបស់សង្គ្រាមរុស្ស៊ីមកលើ- អ៊ុយក្រែន ក្នុងឆ្នាំ 2022 មកម្ល៉េះ។
យ៉ាងណាមិញបើយោងទៅតាមការរៀបរាប់ពីប្រធានក្រុមហ៊ុន Kiran Gems លោក Vallabhbhai Lakhani បានប្រាប់ កាសែត The Indian Express ថា “បច្ចុប្បន្ន ឧស្សាហកម្មពេជ្រកំពុងឆ្លងកាត់បញ្ហាកាន់តែច្រើនឡើងៗ ហើយបញ្ហាដែលអាក្រក់ជាងគេបំផុតនោះគឺដោយសារតែពួកយើងមិនមានតម្រូវការពីដេប៉ូលលក់ពេជ្រទូទាំងពិភពលោកតែម្តង។ លោកបានបន្ថែមទៀតថា ចំពោះការប្រកាសនៅថ្ងៃឈប់សម្រាកចំនួន១០ថ្ងៃ គឺដើម្បីឲ្យរាល់ថ្នាក់ដឹកនាំរបស់យើងអាចកាត់បន្ថយនូវភាពតានតឹងនិងមានពេលអាចបង្កើតនិងគ្រប់គ្រងផលិតកម្មមួយនេះក្នុងវិធីសាស្ត្រថ្មីបាន។ ហើយសម្រាប់ការសម្រេចចិត្តបែបនេះ វាក៏ជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន»។
លោកបានមានប្រសាសន៍បន្តថា៖ «តម្លៃពេជ្របានធ្លាក់ចុះនៅទូទាំងពិភពលោក ហើយវាបានក្លាយជាការលំបាកសម្រាប់អ្នកផលិតពេជ្រក្នុងការដំណើរការអាជីវកម្មរបស់ពួកគេខ្លាំងណាស់។ ជាធម្មតា រោងចក្រផលិតពេជ្រ Kiran Gems របស់លោកគឺមានចំណូលប្រចាំឆ្នាំយ៉ាងតិចក៏ 17,000 crore Rs ដែរ ហេតុដូច្នេះហើយទើបធ្វើឲ្យក្រុមហ៊ុនរបស់លោកក្លាយទៅជាក្រុមហ៊ុននាំចេញពេជ្រដែលឈានមុខគេមួយនៅទូទាំងពិភពលោក។ តែបើទោះជាយ៉ាងណាក៏ដោយ ការលក់របស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺបានធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់ក្រុមហ៊ុនបានសម្រេចចិត្តជាបណ្តុះអាសន្នដែលឲ្យបុគ្គលិកទាំងអស់ទទួលបានការឈប់សម្រាប់ក្នុងរយៈពេលយូបែបនេះ។