តាមរយៈទីក្រុងវូហាន៖ អ្នកប្រកបរបរជាអ្នកបើកតាក់ស៊ីជាច្រើនបានត្អូញត្អែថា ការងាររបស់ពួកគេគឺបានប្រឈមមុខនឹងការគំរាមកំហែងនៃការបាត់បង់ការងារកាន់តែខ្លាំងឡើងៗ ដោយសារតែវត្តមានរបស់បញ្ញាសិប្បនិមិត្ត (AI)។
ស្របពេលដែលបច្ចេកវិទ្យាកាន់តែអភិវឌ្ឍ ក្រុមអ្នកសេដ្ឋវិទូ និងអ្នកជំនាញឧស្សាហកម្មរបស់ចិនបានសង្កេតឃើញថា នៅតាមដងផ្លូវរបស់ប្រទេសចិននៅពេលនេះគឺមានរថយន្តអគ្គិសនីដែលប្រើប្រព័ន្ធ Self-driving technology ច្រើនគួរឲ្យកត់សម្គាល់។
យ៉ាងណាមិញបើយោងតាមការរាយការណ៍ពីក្រុមការងាររបស់ រ៉យទ័រ កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤ បានឲ្យដឹងទៀតថា បច្ចុប្បន្នប្រទេសចិនកំពុងតែធ្វើការសាកល្បងក្នុងការបើកឲ្យដំណើរការ robotaxi និង robobus នៅក្នុង 19 ទីក្រុងរបស់ខ្លួនជាមុនសិន។ រដ្ឋាភិបាលចិនបានអនុញ្ញាឲ្យក្រុមហ៊ុនផលិតឡានចំនួនប្រាំ ដែលរួមមាន Apollo Go, Pony.ai, WeRide, AutoX និង SAIC Motor បើកដំណើរការសាកល្បងនៅក្នុងតំបន់ទីប្រជំជនមុនគេ ដោយសារតែនៅទីនោះវាភ្លើងស្តុបច្រើនជាងគេ។
បើយោងតាមការរៀបរាប់ពីក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងប្រាំខាងលើក្នុងនោះស្ថាបនិករបស់ Apollo Go បាននិយាយថា ខ្លួនគ្រោងនឹងដាក់ពង្រាយ robotaxi ប្រមាណជា 1,000 គ្រឿងនៅទីក្រុង Wuhan នៅចុងឆ្នាំនេះ ហើយចំពោះទីក្រុងដៃទៃទៀតខ្លួននិងដាក់ដំណើរការប្រហែលជា 100 គ្រឿងប៉ុណ្ណោះ យ៉ាងយូត្រឹមឆ្នាំ 2030។
គួរបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនរបស់ចិនបានព្យាយាមស្នើរសុំឲ្យមានការសាកល្បងរថយន្តស្វយ័តនៅក្នុងសហរដ្ឋអាមេរិកជាច្រើនលើកកន្លងមកហើយ ប៉ុន្តែរាល់សំណើរខាងលើនេះគឺត្រូវបានខាងសេតវិមានបដិសេធ។ មិនត្រឹមតែប៉ុណ្ណោះសហរដ្ឋអាមេរិកបានហាមឃាត់មិនឲ្យប្រជាជនរបស់ខ្លួនប្រើប្រាស់នូវរថយន្តដែលមានប្រព័ន្ធស្នូលដែលបង្កើតឡើងដោយប្រទេសចិនថែមទៀតផង។
យ៉ាងណាមិញ បើយោងតាមការរៀបរាប់ពីក្រុមអ្នកសេដ្ឋកិច្ចរបស់ចិនពួកគេបាននិយាយថា ការបើកឲ្យមាន robotaxi វាគឺជាការងារស្វ័យប្រវត្តិមួយដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសចិនក្នុងរយៈពេលវែង ដោយសារចំនួនប្រជាជនរបស់ខ្លួនកាន់តែធ្លាក់ចុះ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ចំពោះរយៈខ្លីនាពេលនេះគឺយើងបានសង្កេតឃើញថា ការបង្កើតការងារថ្មី វានឹងចូលទៅបំផ្លាញការងារចាស់ ។
ក្រុមអ្នកជំនាញបានលើកឡើងទៀតថា នៅក្នុងប្រទេសចិនមានសាលាបង្រៀនបើកបរជាច្រើនបានបិទទ្វា ដោយពួកគេបានផ្តើមចេញពីការកាត់បន្ថយចំនួនគ្រូបង្ហាត់ច្រើនជាងពាក់កណ្តាលទៅទៀត ហើយរឿងមួយនេះគឺបានកើតឡើងចាប់តាំងពីឆ្នាំ 2019 មកម្ល៉េះ។
ក្រុមអ្នកជំនាញដដែលបានបន្តទៀតថា រាល់ការអភិវឌ្ឍទាំងអស់វាមិនប្រាកដថា សុទ្ធតែមានផលប្រយោជន៍ ច្រើនជាងផលប៉ះពាល់នោះទេ។