តាមរយៈទីក្រុងតូក្យូបានឲ្យដឹងថា នៅភាគនិរតីនៃប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍នេះ បានរងនូវការរញ្ជួយដីរហូតដល់ទៅ៧.១ រ៉ិចទ័រ នេះបើយោងតាមការរៀបរាប់ពីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។
បើយោងតាមការចុះផ្សាយពីJapannews បានឲ្យដឹងថា ការរញ្ជួយដីដែលបានកើតឡើងកាលពីម្សិលមិញនេះ វាអាចនឹងបង្ករឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិថែមទៀតផង។
JMA បាននិយាយប្រាប់Japannews ថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោងប្រហែល 4:43 ល្ងាច (0743 GMT) គឺនៅក្នុងខេត្ត Miyazaki ដែលជាខេត្តនៅស្ថិតនៅលើកោះ Kyushu ភាគខាងលិច។
ប្រភពដដែលបានឲ្យដឹងទៀតថា រាល់ប្រជុំកោះនៃភាគនិរតីរបស់ជប៉ុន វាអាចនឹងត្រូវរងនូវការរញ្ជួយដីកាន់តែញឹកញាប់ ព្រោះបើយោងតាមការព្យាការណ៍ពីមន្ត្រីជំនាញពួកគេបានជឿជាក់ថា នាពេលខាងមុខរាល់តំបន់ខាងលើនេះវានឹងមានការរញ្ជួយដីដ៏ធំមួយទៀតកើតឡើង ជាពិសេសគឺនៅតំបន់ដែលគាកតឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចនៃប្រទេសជប៉ុនតែម្តង។
គួរបញ្ជាក់ថា ជប៉ុនគឺជាប្រទេសមួយដែលស្ថិតក្នុងចំណោមប្រទេសដែលងាយនឹងរញ្ជួយដីខ្លាំងបំផុតក្នុងពិភពលោក។ បើយើងរំលឹកឡើងមកវិញបន្តិច គឺកាលពីឆ្នាំ 2011 ប្រជាជនជប៉ុនប្រមាណជាង15,000 នាក់ត្រូវបានបាត់បង់ជីវិតដោយសារការរញ្ជួយដីក្នុងកម្រិត 9 រិចទ័រ ថែមទៀតផង។ ក្នុងឆ្នាំដដែលនោះ បន្ទាប់ពីការរញ្ជួយដ៏គួរភ័យខ្លាចនោះហើយ ជប៉ុនក៏បានជួបរលកយក្សស៊ូណាមិបន្តទៀត។ យ៉ាងណាមិញ រាល់កំណត់ត្រានីមួយៗ វាអាចនឹងកើតឡើងម្តងហើយម្តងទៀត ដែលប្រៀបបានដូចជាវដ្តមួយដែលកើតឡើងមិនចេះចប់ដូច្នោះដែរ។
បច្ចុប្បន្នបើយោងតាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន ពួកគេបានបញ្ជាក់ឱ្យដឹងថា ផ្លូវជាតិលេខ 20 នៅទីក្រុង Nichinan ខេត្ត Miyazaki ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារតែទីនោះមានថ្មធ្លាក់មកលើផ្លូវជាហូរហែរ ហើយចំណែកឯផ្ទះរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងក្រុង Osaki ខេត្ត Kagoshima វិញបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ តួរយ៉ាងដូចជាជញ្ជាំងបេតុងបានបាក់រលំ។