ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានកើនឡើងខ្ពស់កប់ពពក បន្ទាប់ពីមានការប្រកាសទិញភាគហ៊ុនត្រឡប់មកវិញ

បើយោងតាមការចុះផ្សាយពី Europe New បានចុះផ្សាយថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានកើនឡើងជិត 6% កាលពីថ្ងៃចន្ទ។ យ៉ាងណាមិញ សម្រាប់ការប្រកាស​ទិញត្រឡប់មក​វិញនាពេលនេះ វាគឺលើក​ដំបូងហើយ បើយើងគិតចាប់តាំងពី​ឆ្នាំ 2017 មក។

តាមដានយើងតាមរយៈ Telegram CPN Daily

ក្រុមអ្នកជំនាញរបស់ Europe New បានមើលឃើញថា  ស្ថាបនិករបស់ក្រុមហ៊ុន Samsung កំពុងតែចង់​ពង្រឹង​ការ​ចាប់​អារម្មណ៍​របស់ម្ចាស់ភាគហ៊ុនឡើងមកវិញ ស្រប​ពេលដែល​តម្រូវ​ការកំពុងធ្លាក់ចុះ។

គួរបញ្ជាក់ថាសម្រាប់អាជីវកម្មរបស់ Samsung ដែលជាអ្នកផលិត semiconductor គឺមិនទាន់ឯករាជ្យនៅឡើយទេ ពោលគឺពួកគេត្រូវពឹងផ្អែកលើការរចនាពីក្រុមហ៊ុនផ្សេងមួយទៀតមកធ្វើជាដៃគូរ។

ប្រភពដដែលបាននិយាយបន្តថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung ដែលទទួលបាននៅក្នុងត្រីមាសទីបី គឺមានចំនួនប្រមាណ 3.9ពាន់ពាន់លានវ៉ុន វាគឺជាតួរលេខដែលធ្លាក់ចុះប្រហែលជា 40% ប្រសិនបើយើងធៀបកាលពីបីខែមុន។

ទីភ្នាក់ងាររបស់ Europe New បានរកឃើញទៀតថា ការធ្លាក់ចុះរបស់ក្រុមហ៊ុន Samsung គឺដោយសារតែបច្ចុប្បន្នពួកគេមានដៃគូប្រកួតប្រជែងជាច្រើនមិនថាតែក្រុមហ៊ុនក្នុងស្រុកដូចគ្នាដូចជា SK Hynix និងក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ជាដើម។

តែបើទោះជាយ៉ាងណាក៏ដោយ រាល់របាយការណ៍ដែលបានបង្ហាញខាងលើនេះ វាត្រូវបានអ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បដិសេធ ដោយពួកគេបានលើកហេតុផលថា ការទិញត្រឡប់មកវិញនេះ វាគឺជាយុទ្ធសាស្ត្ររបស់ម្ចាស់ក្រុមហ៊ុន។

គួររំលឹកថា ការទិញភាគហ៊ុនត្រឡប់មកវិញនឹងធ្វើឡើងក្នុងរយៈពេលមួយឆ្នាំ ដោយក្រុមហ៊ុន Samsung គ្រោងនឹងទិញយកត្រឡប់មកវិញ បូករួមទាំងធ្វើការលុបចោលភាគហ៊ុនចំនួនបីពាន់ពាន់លានវ៉ុនក្នុងរយៈពេលបីខែខាងមុខថែមទៀតផង។

scroll to top