មេដឹកនាំវិមានក្រឹមឡាំងបានប្រកាសថា ខ្លួននឹងប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែរ ឬក៏អាចប្រើអាវុធនុយក្លេអ៊ែរដោយផ្ទាល់តែម្តង ប្រសិនបើរុស្ស៊ីត្រូវទទួលរងការវាយប្រហារណាមួយពីអ៊ុយក្រែនដោយអាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិក។
គួររំលឹកថា អ៊ុយក្រែនបានចាប់ផ្តើមធ្វើការវាយប្រហារជាលើកដំបូងរបស់ខ្លួនលើទឹកដីរុស្ស៊ីដោយប្រើអាវុធរយៈចម្ងាយឆ្ងាយទៅវាយលុកលើទីតាំងយោធាក្នុងតំបន់ Bryanskកាលពីយប់ថ្ងៃសៅរ៍។ តែបើទោះជាកងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់កាំជ្រួចចំនួនប្រាំគ្រាប់បានក៏ពិតមែន ប៉ុន្តែបំណែកនៃគ្រាប់ដែលនៅសល់វាបានធ្លាក់លើទឹកដីបច្ចេកទេសនៃកន្លែងយោធាក្នុងតំបន់ Bryansk បណ្តាលឱ្យមានភ្លើងឆេះយ៉ាងឆាប់រហ័ស។
បើយោងតាមការឆ្លើយតបពីមន្ត្រីអាមេរិកពីរនាក់បានបញ្ជាក់ប្រាប់ NBC News ថា អ៊ុយក្រែនបានបាញ់ ATACMS នៅជិតទីក្រុង Karachev ក្នុងតំបន់ Bryansk ឆ្លងកាត់ព្រំដែនភាគខាងជើងរបស់ប្រទេស ដែលជាការកត់សម្គាល់នូវការប្រើប្រាស់អាវុធដំបូងបង្អស់ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី។
ពួកគេបាននិយាយបន្តថា ទោះបីជាអ៊ុយក្រែនបានវាយប្រហារគោលដៅជ្រៅនៅក្នុងប្រទេសរុស្ស៊ីរួចហើយក៏ដោយ ប៉ុន្តែចំពោះការប្រើប្រាស់ដើម្បីវាយប្រហារក្នុងទឹកដីរុស្ស៊ីវិញនោះវាមិនមែនជាមីស៊ីលរបស់លោកខាងលិច ឬក៏ជា ATACMs អាមេរិកនោះទេ តែវាជាយន្តហោះគ្មានមនុស្សបើកដែលផលិតដោយជនជាតិអ៊ុយក្រែន។
យ៉ាងណាមិញ ចំពោះប្រតិកម្មរហ័សរបស់លោក ពូទីន មកលើសហរដ្ឋអាមេរិក វាគ្រាន់តែជាការសម្ញែងរបស់ខ្លួន ដោយសារតែមេដឹកនាំផ្តាច់ការរូបនេះចង់ឲ្យពិភពលោកដឹងថា រុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរ។
មន្ត្រីអាមេរិកបាននិយាយបន្ថែមថា ការទន្ទឹងរង់ចាំគំនិតផ្តួចផ្តើមសន្តិភាពដែលកើតឡើងដោយការសម្របសម្រួលពីប្រធានាធិបតីជាប់ឆ្នោត Donald Trump គឺវាយូខ្លាំងពេក ហេតុដូច្នេះហើយទើបលោក ពូទីន ចង់បង្ហាញជម្រើសពីរឲ្យពួកលោកខាងលិច និងអ៊ុយក្រែនដឹងថា តើអ្នកចង់បានសង្រ្គាមនុយក្លេអ៊ែរ ឬក៏រង់ចាំការដោះស្រាយរបស់ Donald Trump ?