បន្ទាប់ពីអ៊ុយក្រែនបានប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ចូលទៅក្នុងទឹកដីរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានបាញ់បង្ហោះ រួចក៏បន្តបាញ់កាំជ្រួច Storm Shadow ដែលផលិតដោយអង់គ្លេស និងបារាំង ទៅកាន់គោលដៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ រុស្ស៊ីក៏បានឆ្លើយតបលើកដំបូងដូចគ្នា គឺតាមរយៈបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដោយសំដៅលើទីក្រុង Dnipro ជាពិសេស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងអាកាសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅលើ Telegram ថា រុស្ស៊ីបានបើកការវាយប្រហារមីស៊ីលជាបន្តបន្ទាប់លើអ៊ុយក្រែន ដោយបានបង្កើនការវាយលុករបស់ខ្លួនជាមួយនឹងការបាញ់បង្ហោះ ICBM ពីតំបន់ Astrakhan ក្បែរតំបន់ព្រុំដែនប្រទេសទាំងពីរថែមទៀតផង ។
គួរបញ្ជាក់ថា ICBMs វាគឺជាមីស៊ីលផ្លោងពីចម្ងាយដែលមានសមត្ថភាពវាយប្រហារគោលដៅរាប់ពាន់ម៉ាយ ICBMs វាត្រូវបានគេរចនាឡើងដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរជាពិសេសថែមទៀតផង។
ទាហ៊ានអ៊ុយក្រែនបាននិយាយរៀបរាប់ទៀតថា ការវាយប្រហារនេះដ៏ធំបំផុតលើកនេះគឺមានការរួមបញ្ចូលផងដែរនូវកាំជ្រួច Kh-47M2 “Kinzhal” ដែលបាញ់ចេញពីយន្តហោះចម្បាំង MiG-31K នៅក្នុងតំបន់ Tambov រួមជាមួយនឹងកាំជ្រួច Kh-101 ចំនួនប្រាំពីរដែលត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS ។
គួររំលឹកថា ចំពោះការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់វិមានក្រឹមឡាំងលើកនេះ គឺពួកគេមានបំណងចង់វាយឲ្យបានមុនដើម្បីកាត់បន្ថយផលប៉ះពាល់នៃការវាយប្រហារទ្រង់ទ្រាយធំទៅលើទឹកដីរបស់ពួកគេ។