ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ តម្លៃពេជ្រធម្មជាតិបានធ្លាក់ចុះប្រមាណ 26% ហើយចំណែកឯពេជ្របណ្តុះដោយមន្ទីរពិសោធន៍វិញក៏បានធ្លាក់ចុះមិនតិចជាង 74% ដែរ បើធៀបទៅនឹងតម្លៃរបស់វាកាលពីឆ្នាំ 2020 នេះបើយោងតាមរបាយការណ៍របស់ Guardian ដែលបានចេញផ្សាយនៅថ្ងៃទី 27 ខែមករា ឆ្នាំ 2025។
បើយោងតាមការរៀបរាប់ពីម្ចាស់ហាងលក់ពេជ្រខ្នាតយក្ស De Beers ដែលមានទីតាំងនៅក្នុងចក្រភពអង់គ្លេស ពួកគេបានរាយការណ៍ថា កាលពីក្នុងឆ្នាំ 2024 ហាងរបស់ខ្លួនមួយនេះបានស្តុកពេជ្រ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ $2 ពាន់លានដុល្លារ តែស្តុកមួយនេះគឺបានជាប់គាំងរហូតមកទល់នឹងពេលនេះ គឺដោយសារតែពួកគេមិនទាន់អាចលក់ចេញតាមការគ្រោងទុកនោះទេ។
តម្រូវការចំពោះពេជ្រគឺកាន់តែធ្លាក់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការជាប់គាំងជាច្រើនឆ្នាំកន្លងមកនេះ វាអាចបណ្តាលមកពីការកើនឡើងនៃអតិផរណា ជាពិសេសគឺលើទំនិញប្រើប្រាស់ប្រចាំថ្ងៃកាន់តែខ្ពស់ ហើយវាក៏ជំរុញឲ្យវិស័យប្រណីតធ្លាក់ចុះ ម្យ៉ាងទៀតពួកគេបានសង្កេតឃើញទៀតថា ក្រោយកូវីដអត្រានៃអ្នកសុំមនុស្សស្រីរៀបការក៏មានតិចជាងមុនដែរ កក្តាទាំងអស់នេះវាបានជំរុញឲ្យអ្នកលក់ពេជ្រយល់ថា បច្ចប្បន្នមនុស្សភាគច្រើនបានងាកទៅរកការសន្សំប្រាក់ជំនួសការទិញវត្ថុមានតម្លៃ។
គួរបញ្ជាក់ថា កាលពីមុនឆ្នាំ 2022 តម្លៃពេជ្រធម្មជាតិជាមធ្យមមួយការ៉ាត់គឺមិនអាចលក់ក្រោម 1,800 ដុល្លារនោះទេ តែនៅពេលនេះ មួយការ៉ាត់មកនៅសល់ត្រឹមតែ $892 ប៉ុណ្ណោះ។
តែបើទោះយ៉ាងណាក៏ដោយ រាល់អ្នកលក់គ្រឿងអលង្ការភាគច្រើនមិនដែលនិយាយថា ការលក់របស់ខ្លួនបានធ្លាក់ចុះនោះទេ ហើយពួកគេក៏តែងតែព្យាយាមនិយាយថា ដំណើរការនៃការលក់របស់ខ្លួនគឺរឹងមាំ ពោលគឺខ្លួនបានចូលស្តុកថ្មី និងម៉ូដថ្មីៗជានិច្ច គឺដើម្បីឲ្យអតិថិជនកាន់តែមានទំនុកចិត្តមកលើហាងរបស់ខ្លួន។
